ភ្នំពេញ៖ ខ្សែភាពយន្តកំប្លែងថ្មីរបស់ផលិតកម្មមហាហង្ស គឺរឿង”សួរស្តីលោកគ្រូកំលោះ”បានធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងជាមួយនឹងវីដេអូខ្លី(Trailer) មុនពេលធ្វើការសម្ពោធចាក់បញ្ចាំងជាផ្លូវការ។ អ្នកទស្សនាឈុតខ្លីកើនឡើងដល់ជាង១លាន់នាក់ហើយខណៈដែលផលិតកម្មទើបនឹងបញ្ចេញកាលពីចុងសប្តាហ៍មុននេះ។
ចាងហ្វាងផលិតកម្ម មហាហង្ស លោក អ៊ិន សុភិន បានបង្ហាញអារម្មណ៍រីករាយ និងភ្ញាក់ផ្អើលក្រោយពីTrailer ផ្លូវការថ្មីរបស់ខ្សែភាពយន្តរឿង”សួរស្តីលោកគ្រូកំលោះ” ផ្ទុះចេញការគាំទ្រខ្លាំង។ លោកបញ្ជាក់ថា ផ្ទុះការគាំទ្រក៏ព្រោះតែខ្សែភាពយន្តនេះត្រូវបានផលិតកម្មសម្រិតសម្រាំងផលិតអស់ជាច្រើនខែ ហើយសាច់រឿងនឹងចាក់ចំបេះដូងអ្នកទស្សនាគ្រប់វ័យនោះ។ លោកបញ្ជាក់ដែរថា ជាវណ្ណកម្មថ្មីមានគ្រប់រសជាតិ ហើយបង្កប់ទៅដោយសំណើច សើចមិនជិនណាយ តាំងពីដើមរហូតដល់ចប់។ គ្រប់ឈុតឆាក បង្កប់ទៅដោយ សំណើច សើចចុកពោះ ស្នេហាបែបយុវវ័យស៊ីអារម្មណ៍ និងលាយឡំភាពកំសត់សោកសង្រេង ស្រក់ទឹកភ្នែក។ លោកថា សន្ទុះនៃការគាំទ្រហាក់ហក់ឡើងខ្លាំងជាងខ្សែភាពយន្តជោគជ័យរបស់ផលិតកម្មលោកកន្លងមកដូចជារឿង ”អ្នកនាងម្ចាស់ឡឺកឺ”ទៅទៀត។ លោកបញ្ជាក់ថា កន្លងមកខ្សែភាពយន្តរឿង”អ្នកនាងម្ចាស់ឡឺកឺ” ទទួលបានអ្នកទស្សនាប្រមាណ៥,៥ម៉ឺននាក់ ហើយរឿងថ្មីនេះអាចនឹងមានចំនួនអ្នកគាំទ្រច្រើនជាងនេះ។ លោកបញ្ជាក់ថា តួលេខជាងមួយលាននាក់ដែលបានចុចចូលទស្សនាគឺអាចឆ្លុះបញ្ចាំងពីភាពជោគជ័យសម្រាប់ខ្សែភាពយន្តនេះនៅពេលចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបៗនៅភ្នំពេញ និងខេត្តសៀមរាប។ ក្រៅពីចាក់បញ្ចាំងនៅកម្ពុជា ខ្សែភាពយន្តនេះក៏មានគម្រោងក្នុងការនាំយកទៅចាក់បញ្ចាំងនៅរោងភាពយន្តនេះប្រទេស ឡាវផងដែរនៅពេលខាងមុខនេះព្រោះតែខ្សែភាពយន្តនេះផលិតតាមស្តង់ដារបច្ចេកទេសអន្តរជាតិ។ លោកបន្តថា នេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀតរបស់ខ្សែភាពយន្តខ្មែរ ស្របពេលដែលទស្សនិកជនចាប់ផ្តើមទទួលស្គាល់ និងគាំទ្រខ្សែភាពយន្តក្នុងស្រុក។
តួឯកក្នុងខ្សែភាពយន្តខាងលើគឺអ្នកនាង សុខ សោម៉ាវត្តីនិង លោក ជា សុវណ្ណនរាហ៍ ខណៈដែលតារាសម្តែងនិងតារាកំប្លែងជាច្រើនទៀតនឹងសម្តែងរួមគ្នាបង្កើតបានជារឿងបែបកំប្លែងមានដូចជានាយ ពាក់មី នាងខ្ញុង នាយគ្រឿន អ្នកនាងប៉េង ប៉ោង លោក អូន ឧស្សាហ៍ កញ្ញា នីឡា លោក លឹមរដ្ឋា កញ្ញាយ៉ែម ស្រីពេជ្រ និងតារាសម្តែងជាច្រើនរូបទៀត៕
https://youtu.be/3xXGZtQgPR8
ដោយ៖ វឌ្ឍនា