សមត្ថកិច្ចប្រាប់ថា៖ ការឃាត់ជនសង្ស័យ៦នាក់ មានម្នាក់ប៉ុណ្ណោះជាប់ពាក់ព័ន្ធករណីសមគំនិត និងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ដែលត្រូវបាននគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ដកហូតម៉ូតូ ចំនួន៣គ្រឿង ស្លាកលេខម៉ូតូ១០បន្ទះ និងវត្ថុតាងមួយចំនួនទៀត ហើយក្រោយពីធ្វើការសាកសួរ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធ ករណីសមគំនិត និងទទួលផលចោរកម្មនេះ គឺជាការលើកឡើងពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ រៀបរាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ។

ជនសង្ស័យឈ្មោះ អ៊ី ពៅ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់នំបញ្ចុក បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តកំពត។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី៩ ធ្នូ ២០១៦ នៅចំណុចផ្ទះលេខ១៩៤ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា កើតមានករណីលួច ដោយការគាស់ទម្លុះទម្លាយ (ប្រើកន្ត្រៃកាត់ដែក កាត់មេសោចូលលួចម៉ូតូ ) អស់ចំនួន៥គ្រឿង រួមមានម៉ូតូម៉ាកហុងដា សេ១២៥ ចំនួន២គ្រឿង ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ចំនួន២គ្រឿង និងម៉ូតូម៉ាកគុបជ្រុង សេ៥០ ១គ្រឿង ហើយក្រោយពីកើតហេតុជនរងគ្រោះក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ដើម្បីជួយអន្តរាគមន៍ផងដែរ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗ នារសៀលថ្ងៃខែដដែល លោកក៏បានចាត់កម្លាំងជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ដឹកនាំដោយលោក គួក សុខហួរ អធិការរងខណ្ឌ ចុះប្រតិបត្តិការរដ្ឋបាលនៅក្នុងមូលដ្ឋាន ដើម្បីការពារបទល្មើសផ្សេងៗ ជាងនេះទៅទៀតគឺដើម្បីរក្សាបាននូវគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង ប្រាប់បន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោកបានធ្វើការឃាត់មនុស្ស៦នាក់ នៅចំណុចផ្ទះជួល ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដកហូត ម៉ូតូ របស់ជនរងគ្រោះបានចំនួន៣គ្រឿង មកវិញក្នុងចំណោមម៉ូតូចំនួន៥គ្រឿង ដែលបាត់នោះ ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។

ជនសង្ស័យទាំង៦នាក់ រួមមានទី១-ឈ្មោះ អ៊ី ពៅ ភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ទី២-ឈ្មោះ នៅ ច្រឹក ភេទស្រី អាយុ៤៨ឆ្នាំ ទី៣-ឈ្មោះ នី ស្រីម៉ាច ភេទស្រី អាយុ២៩ឆ្នាំ ទី៤-ឈ្មោះ អប សាមឹ ភេទប្រុស អាយុ២៨ឆ្នាំ ។ ជនទាំង៤នាក់ អ្នកខ្លះលក់នំបញ្ចុក និងអ្នកខ្លះធ្វើការរោងចក្រ និងមានស្រុកកំណើតនៅភូមិម្រោម ស្រុកអង្គជ័យ ខេត្តកំពត ។ ជនសង្ស័យទី៥-ឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិទ្រា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទី៦-ឈ្មោះ វណ្ណ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ ។ ក្រោយពីធ្វើការសាកសួរ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលជាប់ពាក់ព័ន្ធ ករណីសមគំនិត និងទទួលផលចោរកម្ម គឺឈ្មោះ អ៊ី ពៅ ភេទស្រី អាយុ៥៧ឆ្នាំ។ ចំណែកម៉ូតូទាំង ៣គ្រឿង ដែលដកហូតបាននោះត្រូវម្ចាស់មកទទួលយកទៅវិញហើយ។

ដោយឡែកស្ត្រីឈ្មោះ អ៊ី ពៅ នៅចំពោះមុខសមត្ថកិច្ចបានរៀបរាប់ឲ្យដឹងថា វត្ថុតាងទាំងអស់នេះគឺមិនជាប់ពាក់ព័ន្ធជាមួយរូបគាត់នោះទេ ។ វត្ថុតាងទាំងអស់ ដែលត្រូវសមត្ថកិច្ចដកហូតនេះ គឺកាលពីប៉ុន្មានថ្ងៃមុខមានមនុស្សចំនួន៣នាក់ បានយកមកផ្ញើនៅក្នុងបន្ទប់ជួលរបស់គាត់ ដើម្បីឲ្យគាត់ជួយមើលថែ ។ ចំណែកមនុស្សទាំង៣នាក់នោះ រូបគាត់ក៏ធ្លាប់ស្គាល់ដែរ ដោយសារធ្លាប់មកជួលបន្ទប់នៅក្បែរនោះស្នាក់នៅ ប៉ុន្តែរូបគាត់មិនបានដឹងថា ជនទាំង៣នាក់នោះគឺជាចោរនោះដែរ ៕

tong tong1 tong2 tong3 tong4 tong5

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print