ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនហើយជ្រុលបុកម៉ូតូស្កូបពីបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៦ នៅចំណុចមុខវត្តស្វាយពពែ តាមបណ្តោយផ្លូវសុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយរថយន្តបានបើករត់ទាំងជាប់ម៉ូូតូនៅខាងក្រោមអូសជាង២គីឡូម៉ែត្រទើបទម្លាក់ម៉ូតូចោលហើយព្យាយាមបើករត់ទៀតក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតក្នុងនោះមានម៉ូតូកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន១គ្រឿងបណ្តាលឲ្យរបួស៣នាក់ នៅខាងលិចវិមានឯករាជ្យ ហើយរថយន្តបង្កនៅតែបន្តបើករត់ទាំងមានប្រជាពលរដ្ឋរួមទាំងកម្លាំងនគរបាលជាច្រើនប្រដេញតាមពីក្រោយបើករត់ស្ទើរពេញមួយរាជធានីរហូតដល់មុខក្រសួងមហាផ្ទៃទើបឈប់ដោយបម្រុងបើកចូលតែត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយជិះម៉ូតូម៉ាកស្កូបពី ពាក់ស្លាកលេខកណ្តាល1S-7122 ធ្វើដំណើរតាមបណ្តោយផ្លូវចេញពីស្ពានឥន្នូ(កោះពេជ្យ)ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AH-3030 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ ហើយរថយន្តបង្កបានអូសម៉ូតូនៅខាងក្រោមរថយន្តរហូតមកដល់មុខទូតសូវៀតទើបទម្លាក់ម៉ូតូចោលហើយបន្តបើករត់រហូតដល់ខាងលិចវិមានឯករាជ្យក៏បន្តបុករះម៉ូតូ២គ្រឿងទៀតក្នុងនោះមានម៉ូតូកម្លាំងអាវុធហត្ថមួយគ្រឿងផងដែរ និងធ្វើឲ្យរងរបួស៣នាក់ស្រាល។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កបានបើកបុកម៉ូតូជាបន្តបន្ទាប់រួចក៏ព្យាយាមបើករត់ទាំងមានប្រជាពលរដ្ឋរួមទាំងកម្លាំងនគរបាលជាច្រើនប្រដេញតាមពីក្រោយបើករត់ស្ទើរពេញមួយរាជធានីរហូតដល់មុខក្រសួងមហាផ្ទៃទើបឈប់ដោយបម្រុងបើកចូលតែត្រូវបានសមត្ថកិច្ចឃាត់ជាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ម្ចាស់រថយន្តបង្កយកទៅអធិការនគរបាលខណ្ឌចំការមនរួមទាំងម៉ូតូនិងរថយន្តរងចាំដោះស្រាយពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ