ភ្នំពេញ៖ រលករឿងអាស្រូវជាច្រើនបន្តបន្ទាប់បានកើតមានឡើងចំពោះតារាចម្រៀង សូដានីតា និងលោក យ៉ែម សំអូន បន្ទាប់ពីអ្នកទាំងពីរបានរួមគ្នាសម្តែង ច្រៀង និងធ្វើដំណើរទៅណាមកណាជាមួយគ្នាញឹកញាប់។ តារាសម្តែង និងចម្រៀងស្រីកញ្ញា សូ ដានីតា បានដាច់ចិត្តទម្លាយនូវសារមួយចំនួនជុំវិញការរីកសាយភាពនៃដំណឹងទំនាក់ទំនងស្នេហាជាមួយលោក យ៉ែម សំអូន។
ការលើកឡើងនេះបានធ្វើឡើងក្រោយពេលដែលដំណឹងស្នេហាអ្នកទាំងពីរត្រូវបានអ្នកសិល្បៈនិយាយពីមាត់មួយទៅមាត់មួយព្រោះតែសកម្មភាពស្និទ្ធិស្នាលប្លែករបស់ពួកគេ។ តារាសម្តែង កញ្ញា សូ ដានីតា បានលើកឡើងថា ”នាងខ្ញុំ សូ ដានីតា សូមជំរាបដល់សិល្បៈ១ចំនួន នឹងអ្នកដើរតាមសិល្បៈមួយចំនួនតូច ដែលចូលចិត្តនិយាយថា នាងខ្ញុំ នឹង បង យ៉ែម សំអូន មានទំទាក់ទំនងស្នេហាជាមួយគ្នា សូមមេត្តាកុំនិយាយអ្វីដែលមិនពិត ព្រោះសំដីមិនពិតរបស់អ្នក នឹង ខួរក្បាលគិតរឿងមិនបានការរបស់អ្នក គឺអាចប៉ះពាល់ដល់ការរាប់អាន នឹងកិត្តិយស ហើយទាំងអនាគតរបស់ខ្លួនខ្ញុំផ្ទាល់ទៅថ្ងៃមុខ”។ តារាស្រីនិងចម្រៀងខកស្នេហ៍ជាច្រើនលើកច្រើនសាររូបនេះបន្តថា នាងនិងលោកយ៉ែម សំអូនមានការងារធ្វើជាមួយគ្នា ទាំងក្នុងក្រុងនិងតាមខេត្ត គឺមិនមានស្នេហាអីជាមួយគ្នាឡើយ ក្នុងពេលការងារ បងអូន ជាមេ ក្រៅការងារគាត់ជាមិត្តភក្តិនិងជាបងប្រុស។
ជាមួយគ្នានេះនាងក៏បានស្នើឲ្យអ្នកដែលនិយមនិយាយពីក្រោយខ្នងនាងអំពីរឿងនេះបញ្ចប់ដើម្បីរក្សាទំនាក់ទំនងល្អក្នុងការងារសិល្បៈ។ នាងរំពឹងដែរថា ការបញ្ជាក់របស់នាងនៅពេលនេះអាចនឹងបញ្ចប់ពាក្យរិះគន់និងការលើកឡើងក្នុងចង្កោមអ្នកសិល្បៈ។
គេចាំបានដែរថា រយៈពេលជាងមួយឆ្នាំហើយដែលតារាសម្តែង និងចម្រៀង លោក យ៉ែម សំអូន បានផ្ទុះទំនាស់ក្នុងគ្រួសារពោលគឺបានបែកគ្នាជាមួយនឹងភរិយាអ្នកនាងយ៉ាន លីដា។ ខណៈដែលតារាចម្រៀង និងសម្តែង សូដានីតា ក៏បានផ្តាច់ទំនាក់ទំនងជាមួយនឹងអតីតគូដណ្តឹងនៅប្រទេសកាណាដាផងដែរ។ ការលេចចេញទំនាក់ទំនងស្នេហ៍ក្រៅឆាកនេះក្រោយពីពួកគេបានបង្ហាញខ្លួនជាញឹកញាប់ក្នុងនាមជាអ្នកសម្តែងក្នុងរឿងរួមគ្នា ពិសេសក្នុងកម្មវិធីប្រគុំតន្ត្រីនានានៅតាមបណ្តាខេត្តព្រោះតែលោក យ៉ែម សំអូនគឺជាអ្នកទទួលការខុសត្រូវគ្រប់គ្រងលើព្រឹត្តិការណ៍ប្រគុំតន្រ្តីរបស់ក្រុម Dara Entertainment ហើយសូ ដានីតា តែងបង្ហាញវត្តមានរួមដំណើរជាមួយនឹងលោក យ៉ែម សំអូនជាញឹកញាប់ ពិសេសក្រោយពីអ្នកទាំងពីរសម្តែងយ៉ាងស្និទ្ធស្នាលក្នុងខ្សែភាពយន្តរឿង”បណ្តឹងស្រីទាំង៥”កាលពីថ្មីៗនេះ៕
ដោយ៖ វឌ្ឍនា