ផ្លូវ៥៧ខ្សែ ក្នុងខណ្ឌ៩ ត្រូវបានអាជ្ញាធររាជធានី សម្រេចជួសជុលដោយចាក់បេតុងតាមស្ដង់ដារ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចធ្វើការជួសជុល កែលម្អលើកំណាត់ផ្លូវចំនួន៥៧ខ្សែ បន្ទាប់ពីរងការខូចខាត ទាំងស្រុង ដោយសាររថយន្ដធុនធ្ងន់ឆ្លងតាត់ និងបន្ទាប់ពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋដែលធ្វើដំណើរផងនោះ ការសម្រេចជាឯកច្ឆ័ននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ស្តីពីត្រួតពិនិត្យការងារ ជួសជុល និងថែទាំផ្លូវចំនួន៥៧ខ្សែ ក្នុងខណ្ឌចំនួន៩ ក្នុងរាជធានីភ្នំពេញ។

ខណ្ឌទាំង៩នោះ មានខណ្ឌទួលគោក ចំការមន ៧មករា ដូនពេញ និងខណ្ឌសែនសុខ ដែលមានផ្លូវថ្នល់ខូចខាតច្រើនជាងគេដោយសារការស្ថាបនាគ្មានស្តង់ដារនិងគុណភាព។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសម្រេចជួសជុលផ្លូវដោយចាក់ បេតុង និងអ៊ុតកៅស៊ូAC ជាបន្ទាន់លើផ្លូវទាំង៥៧ខ្សែនោះ ឲ្យរួចមុនចូលឆ្នាំប្រពៃណីខ្មែរ។ គម្រោងជួសជុល និងកែលម្អផ្លូវទាំងនោះរួមមាន៖ គម្រោងកែលម្អចំណុចប្រសព្វរង្វង់មូលចោមចៅ និងពង្រីកផ្លូវ មុខតំបន់ព្រលានយន្តហោះគម្រោងផ្លូវ លើផ្លូវដែកពីគីឡូម៉ែត្រលេខ៦ឫស្សីកែវ រហូតដល់ផ្លូវR៦បឹងកក់ដែលត្រូវពន្លឿនការងារជាមួយក្រសួងសាធារណការជាដើម។

លោក បានថ្លែងថា «បងប្អូនដែលធ្លាប់មានបញ្ហាកកស្ទះនៅរង្វង់មូលចោមចៅនិងតំបន់មុខព្រលានយន្តហោះ នឹងលែងបារម្ភទៀតហើយ។ នេះគឺជាគម្រោងពង្រីកផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីចំណុចប្រសព្វផ្លូវ២០០៤ រហូតដល់រង្វង់មូលចោមចៅ ដែលចាប់ផ្តើមនាពេលឆាប់ៗនេះ។  មិនតែប៉ុណ្ណោះស្ពានអាកាសក៏ជិតចេញដែរ»។ លោកបន្តថា «ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរចេញចូលរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័នច្រើនយ៉ាងណាស់ ពិសេសការស្ថាបនា និងការជួសជុលផ្លូវដែលខូចខាត ការស្ថាបនាបណ្តាញលូមេនិងការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈជាដើម»។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា គម្រោជួលជុលផ្លូវទំាង៥៧ខែ្សនោះ មានប្រវែងសរុបទំាងអស់៦៤គីឡូម៉ែត្រ ដែលនឹងបើកការរដ្ឋានជួសជុលនាប៉ុន្មានថ្ងៃខាងមុខនេះដោយធ្វើទំាងយប់ទំាងថ្ងៃ។ លោកបញ្ជាក់ថា បច្ចុប្បន្នផ្លូវទំាងនេះប្រមាណ៦០ភាគរយគឺជាជង្ហុកសំបុកមាន់ពិបាក ដែលរងការខូចខាតដោយសារទឹកភ្លៀង គ្រឹះ និងការអ៊ុតកៅស៊ូមិនរឹងមាំជាដើម។

សូមបញ្ជាក់ថា ៖ អាជ្ញាធររាជធានីភ្នំពេញ កំពុងព្រាងប្លង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅជាបួនជម្រើស មុននឹងធ្វើការអនុវត្តសាងសង់៕

pa-1 pa-2 pa-3 pa-4

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print