ម្ចាស់ឃ្លាំងស្តុកទំនិញ និងអ្នករកស៊ីចែកចាយទំនិញមិនសប្បាយចិត្តចំពោះមន្ត្រី គយនៅរាជធានីភ្នំពេញដែលចាត់ទុកពួកគាត់ជាចំណាប់ខ្មាំងដែលត្រូវការលុយពេលណាទារយកពេលនោះតាមតែអំពើចិត្ត។ គេនិយាយថា លោក ភេ សុមុន្នី ប្រធាន
សាខាគយនិងរដ្ឋាកររាជធានីភ្នំពេញបានបញ្ជាមន្ត្រីក្រោមឱវាទឲ្យដើរប្រមូលលុយពីឃ្លាំងស្តុកទំនិញ និងពីឈ្មួញដែលនាំទំនិញយកមកចែកចាយនៅរាជធានីភ្នំពេញ និង ទៅតាមបណ្តាខេត្ត។ ក្រុមឈ្មួញនិយាយថា បើទោះបីជាទំនិញបង់ពន្ធគ្រប់ ឬមិនគ្រប់ លោកគយមិនដឹងទេគឺដឹងតែពីលុយប៉ុណ្ណោះ ។
ប្រភពរាយការណ៍ថា លោក ភេ សុមុន្នី កំពុងធ្វើអ្វីៗតាមអំពើចិត្តដោយមិនគិតអំពី ច្បាប់ទម្លាប់អ្វីឡើយ។ លោកគិតតែបញ្ជាឲ្យកូនចៅដើរប្រមូលប្រាក់ពីតាមបណ្តាឃ្លាំងស្តុកទំនិញក៏ដូចជាការដើរយកលុយពីដេប៉ូចែកចាយទំនិញផ្សេងៗ។ គេរាយការណ៍ ថា ម្ចាស់ឃ្លាំងស្តុកទំនិញក៏ដូចជាឈ្មួញនាំទំនិញចូលទាំងបង់ពន្ធក៏ដូចជាមិនបង់ពន្ធ សុទ្ធតែជាមុខសញ្ញារបស់លោក ភេ សុមុន្នី ទាំងអស់។ គ្មាននរណាអាចគេចរួចពីការដែលត្រូវបង់ប្រាក់ជូនក្រុមមន្ត្រីគយរាជធានីភ្នំពេញនេះឡើយ។ មានទាំងការបង់ សម្រាប់លោក ភេ សុមុន្នីផង និងសម្រាប់ក្រុមមន្ត្រីគយដែលមានភារកិច្ចមកប្រមូលប្រាក់នោះផង។ ក្រុមឈ្មួញនិយាយថា សព្វថ្ងៃវិលមុខនឹងការដែលត្រូវខ្វេះហោប៉ៅ យកលុយឲ្យគយនេះឯង ។
ប្រសិនបើម្ចាស់ឃ្លាំងណាមួយមិនហ៊ានចំណាយប្រាក់ទៅតាមការទាររបស់មន្ត្រីគយទាំងនោះទេគឺត្រូវប្រឈមនឹងការរើកកាយត្រួតពិនិត្យទំនិញឡើងវិញ។ ប្រសិនបើត្រួត ពិនិត្យឡើងវិញគឺពិតហើយថា ទំនិញទាំងអស់បង់ពន្ធមិនគ្រប់ចំនួននោះឡើយ។ ប៉ុន្តែ វាក៏មិនទាំងអស់នោះដែរ។ ក្រៅពីការដែលធ្វើឲ្យខូចខាតទំនិញវានឹងធ្វើឲ្យខាតបង់ ពេលវេលា និងប៉ះពាល់ដល់ការរកស៊ីទៀតផង។ ដូច្នេះឈ្មួញត្រូវបង្ខំចិត្តបង់ប្រាក់ឲ្យលោក ភេ សុមុន្នី តាមការទាមទារ។ ប៉ុន្តែបើឈ្មួញណាមានខ្នងបង្អែករឹងមាំ ហើយបាន បង់លុយប្រចាំខែនោះក៏លោក ភេ សុមុន្នី មិនហ៊ានប៉ះពាល់ដែរ ៕