ខេត្តកណ្តាល ៖ នារីជាសិស្សសាលាម្នាក់ត្រូវរថយន្តបុករងរបួសធ្ងន់ និងម៉ូតូរងការខូចខាត ដោយសារតែអ្នកបើករថយន្តសាំយុង បើកលឿនខ្វះការប្រុងប្រយ័ត្នហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ហេតុការណ៍នេះបានកើតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូមែត្រ២៥.២៦ ស្ថិតភូមិស្រះសង្គម ឃុំពើក ស្រុក អង្គស្នួល ខេត្តកណ្ដាល កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា គេឃើញរថយន្ត១គ្រឿងម៉ាកសាំយុង ពណ៌លឿង ពាក់ផ្លាកលេខភ្មំពេញ ២AI-២៨៨៤ អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុរត់គេចខ្លួនបាត់ បើកក្នុងទិសដៅពីលិចទៅកើត ព្រះសីហនុ-ភ្មំពេញ ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចខាងលើ បានបើកជែងហើយទៅបុកម៉ូតូ១គ្រឿង ម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CX-៣១៥៧ បើកបរដោយឈ្មោះហួយ ហ្សាំង ភេទស្រី អាយុ១៧ឆ្នាំ បណ្តាលរងរបួសធ្ងន់ និងម៉ូតូរងការខូចខាត ។
នារីរងគ្រោះ រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល មានមួក មានកញ្ចក់ ដែលបើកពីទិសខាង កើតទៅទិសខាងលិចក្នុងទិសដៅបញ្ច្រាសគ្នា ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកំណត់ហេតុ និងវាស់វែង ។ ចំណែកនារីរងគ្រោះត្រូវបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តនិងម៉ូតូយកមករក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕ ស្អាងជ័យ