ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវរថយន្តបុក ខណៈឈប់ម៉ូតូរួចដើរឆ្លងថ្នល់រកកន្លែងបត់ជើង នៅចំណុចភូមិចេតីយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កហេតុមិនត្រូវបានស្គាល់ពីភិនភាគនោះទេ បន្ទាប់ពីកើតហេតុបានបើកគេចបាត់ស្រមោល ។ ចំណែកជនរងគ្រោះឈ្មោះ លី គីម អាយុ១៩ឆ្នាំ ទីលំនៅភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮខេត្តកណ្ដាល ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះបើកបរម៉ូតូម៉ាកHonda dream ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-1914 ទិសដៅពីលិចទៅកើត ។ លុះមកដល់កន្លែងកើតហេតុបានឈប់ម៉ូតូនៅចិញ្ចើមផ្លូវ រួចដើរឆ្លងថ្នល់ ក្នុងបំណងប្រហែលរកកន្លែងបត់ជើង (ជុះឫនោម) ខណៈកំពុងដើរឆ្លងផ្លូវ ក៏មានរថយន្តមិនស្គាល់ម៉ាកបើកទិសដៅពីកើតទៅលិចបុកចំពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ បន្ទាប់ពីបុកហើយ អ្នកបើករថយន្ដបានបើកគេចបាត់ស្រមោល ។
បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនសង្គ្រោះមកមន្ទីរពេទ្យ ចំណែកម៉ូតូរក្សាទុកនៅប៉ុស្តិ៍ ៕ ដោយ ៖ស្អាងជ័យ