ភ្នំពេញៈ នៅព្រឹកនេះ ក្រសួងបរិស្ថាន បានបង្ហើបអំពីគម្រោងនៃការធ្វើអាជីវកម្មរ៉ែបុកស៊ីត នៅខេត្ត មណ្ឌលគិរី នៅលើផ្ទៃដីទំហំ ២៦,២៧០ ហិកតា។
ក្រសួងបរិស្ថានបានឲ្យដឹងថា ទីតាំងគម្រោងនេះស្ថិតនៅក្នុង ក្នុងភូមិសាស្រ្តសង្កាត់មនោរម្យ សង្កាត់រមនា សង្កាត់ស្ពានមានជ័យ នៃក្រុងសែនមនោរម្យ និងឃុំដាក់ដាំ ឃុំសែនមនោរម្យ នៃស្រុកអូររាំង ខេត្តមណ្ឌលគីរី។
ប្រភពដដែលបានបន្តថា គម្រោងនេះ គឺកំពុងតែស្នើដោយក្រុមហ៊ុន ALEX CORPORATION សហការជាមួយAluminum Development (Cambodia) Corp. Ltd.។
បើតាមក្រសួងបរិស្ថានគម្រោងនេះមិនទាន់ដំណើរការទេ គឺកំពុងតែស្ថិតនៅក្នុង ដំណាក់កាលធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយ។
ប្រភពដដែលបានបន្តថា ទាក់ទងនឹងគម្រោងនេះ ក្រសួងបរិស្ថាន បានបើកកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់វិស័យរ៉ែ និងថាមពល និងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ដែលមកពី ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អាជ្ញាធរខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អង្គការDPA អង្គការ WCS ។ល។