រដ្ឋមន្ត្រីការបរទេសហ្វីុលីពីនលោក Perfecto Yasay បានសារភាពថា ប្រទេស នេះបានលើកបញ្ហាវិវាទសមុទ្រចិនភាគខាង ត្បូងទុកម្ខាងមិនពិភាក្សាទៀតឡើយ។
ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញទូរទស្សន៍ Channel newsAsia នៅពេលដែលអមដំណើរប្រធានាធិបតី ឌុយទែរតេ ទស្សនកិច្ចសិង្ហបុរីរដ្ឋមន្ត្រីការ បរទេស Perfecto Yasay បញ្ជាក់ថា ជាការពិតហ្វុីលីពីនបានលើកបញ្ហាវិវាទទុកម្ខាងសិនដើម្បីជំរុញទំនាក់ទំនងជាមួយចិនលើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ចក៏ដូចជានយោបាយ។
លោក Perfecto Yasay បញ្ជាក់ថា «មានតែវិធិសាស្ត្រតែមួយគត់គឺបង្កើនទំនាក់ ទំនងកសាងទំនុកចិត្ត ហើយនៅពេលអនាគតវីវាទទើបត្រូវបានលើកមកពិភាក្សាដោយ សន្តិភាព»។
លោក Perfecto Yasay បន្តទៀតថា កិច្ចពិភាក្សាទ្វេភាគីជាមួយចិនលើបញ្ហាវិវាទ សមុទ្រចិនភាគខាងត្បូងត្រូវបានតភ្ជាប់វិញ ក្រោយពេលទីក្រុងប៉េកាំងព្រមទទួលយកនូវសេចក្តីសម្រេចរបស់តុលាការអាជ្ញា កណ្តាលទីក្រុងឡាអេដែលបានអនុម័តកាល ពីខែកក្កដាឆ្នាំ២០១៦។
កន្លងមកក្រសួងការពារចិនបានចេញមុខទទួលស្គាល់ដោយបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ចិនពិតជាកំពុង កសាងប្រព័ន្ធមូលដ្ឋានកងទ័ពដ៏ធំមួយមែន នៅក្នុងសមុទ្រចិនខាងត្បូង។ ទោះយ៉ាង ណាក្រសួងការពារជាតិចិនបន្ថែមថា សំណង់នៅលើកោះសិប្បនិមិត្តទាំងអស់ គឺភាគច្រើនជាសំណង់ដែលមានទិសដៅបម្រើឲ្យកិច្ចការស៊ីវិល។ ចំណែកឯសំណង់ ដែលមានលក្ខណៈផ្នែកកងទ័ពវិញ គឺវាជា ការសាងសង់ដ៏ស្របច្បាប់ដែលមានទិសដៅការពារខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បី ទៅវាយអ្នកណា មុននោះទេ។ ក្រសួងការ ពារជាតិចិនបន្តថា បើនរណាម្នាក់មកអួត ក្អេងក្អាង សម្ញែងអាវុធ នៅខាងមុខរបងផ្ទះ របស់អ្នក តើអ្នកត្រូវត្រៀមកម្លាំងដើម្បីការពារផ្ទះអ្នកដែរឬទេ?
សូមបញ្ជាក់ថា អ្វីដែលខាងរដ្ឋាភិបាល ចិន ហៅថាជាការការពារខ្លួននេះតែសម្រាប់ សហរដ្ឋអាមេរិកវាគឺជាការគំរាមដល់ស្ថិរភាពតំបន់ទាំងមូល ព្រោះសមុទ្រចិនខាង ត្បូងគឺជាច្រកចេញចូលឆ្លងកាត់នៃនាវា ដឹកទំនិញអន្តរជាតិ គឺស្ថិតក្នុងកម្មវត្ថុនៃការការពារសន្តិសុខ តំបន់ចរាចរណ៍ដែនទឹក អន្តរជាតិនេះហើយ ទើបអាមេរិកបានបញ្ជូន នាវាល្បាតជាច្រើនគ្រឿងទៅតំបន់នោះ ដើម្បីរក្សាសន្តិសុខ។ តែប្រការនេះត្រូវ បានចិនយល់ថា ជាការគំរាមដល់ដែនអធិបតេយ្យរបស់ចិន។
ជាងនេះទៅទៀតការស្ថាបនាកោះ សិប្បនិមិត្តដើម្បីដាក់តាំងមូលដ្ឋានទ័ព របស់ចិននេះគឺចិនធ្វើនៅក្នុងតំបន់ដែល កំពុងជាប់ជម្លោះនៅឡើយ។ បើនិយាយ ពីក្របខណ្ឌច្បាប់អន្តរជាតិគឺចិនបានបំពាន ទាំងស្រុង។ តែបើយើងក្រឡេកមកមើលប្រទេសដែលជាប់ជម្លោះជាមួយចិនក្នុង សំណុំរឿងដែនសមុទ្រនេះវិញ គឺគេឃើញ ថា ប្រទេសមួយចំនួន ដូចជាហ្វុីលីពីន និង ម៉ាឡេស៊ី ហាក់បានបន្ថយការតទល់ជាមួយ ចិន ហើយសុខចិត្តចរចាដោយចាញ់ប្រៀប ជាថ្នូរជាមួយជំនួយសេដ្ឋកិច្ចដែលចិនបានសន្យា។ មានតែវៀតណាមនិងឥណ្ឌូណេស៊ីតែប៉ុណ្ណោះ ដែលបន្តប្រកាន់ជំហររឹងមាំ ទាមទារឲ្យចិនគោរពច្បាប់សមុទ្រអន្តរ ជាតិ៕
ប្រែសម្រួល៖ ម៉ែវ សាធី