អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យថាពល​រដ្ឋរស់នៅចំណុចអូរអំបិលចូលមកទន្រ្ទាន​កាន់កាប់ដីរដ្ឋដោយខុសច្បាប់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មន្រ្តីអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានប្រាប់ថា ប្រជាពលរដ្ឋដែលមករស់នៅចំណុចអូរ អំបិលស្ថិតក្នុងឃុំ-ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យនោះ គឺបានចូលមកទន្រ្ទានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ។

ការលើកឡើងរបស់អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យនេះគឺបន្ទាប់ពីប្រជាពលរដ្ឋរស់នៅចំណុចខាងលើប្រមាណ៣៥០គ្រួសារកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ាសូមឲ្យ សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយអន្តរាគមន៍ដោយអះអាងថា អាជ្ញាធរមានបញ្ហាជាមួយប្រជាពលរដ្ឋក្នុងជម្លោះដីធ្លីនៅទីនោះអូសបន្លាយជិត ១០ឆ្នាំ មកហើយ ។

គួររំលឹកថា ការប្រមូលផ្តុំតវ៉ាខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពួក គាត់បានបាត់បង់ទំនុកចិត្តលើអាជ្ញាធរ ទាំងស្រុងដែលបានសន្យាថារៀបចំដីសង់ លំនៅឋានជូនពួកគាត់ តែការសន្យារបស់ អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនិយាយថា ជាការសន្យាខ្យល់ចំនួន៣លើកមកហើយ តែ គ្មានបានសាច់ការ ដោយទុកឲ្យពួកគាត់ រស់នៅតាមចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ រាប់ឆ្នាំមិនមានការគិតគូរ ។

ជាមួយនឹងការលើកឡើងរបស់ប្រជា ពលរដ្ឋខាងលើនេះ អ្នកនាំពាក្យសាលា ខេត្តឧត្តរមានជ័យដែលមិនបានប្រាប់ឈ្មោះបានបញ្ជាក់ថា «ចំណុចអូរអំបិលមិនមែនជាកន្លែងមានជម្លោះដីធ្លីរ៉ាំរ៉ៃដូចការលើកឡើងនោះទេ តែជាតំបន់ដែលប្រជាពល រដ្ឋចូលមកទន្រ្ទានកាន់កាប់ដីរដ្ឋដោយ ខុសច្បាប់ (ដីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព) តែដោយមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្ត តាមរយៈនាយឧត្តមសេនីយ៍ បណ្ឌិត គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យបានស្នើសំុទៅសម្តេច តេជោនាយករដ្ឋមន្រ្តីដើម្បីកាត់ផ្ទៃដី ១.០០០ហិកតាពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដីជាក់ស្តែង ទាំង៣៥០គ្រួសារនោះ ស្របតាមនីតិវិធី ។

ចំពោះការលើកឡើងថា មានការធ្វើ បាបគំរាមកំហែង វាយធ្វើបាប ចាប់ដាក់ គុកពីអាជ្ញាធរនោះ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញំុសូមបដិសេធយ៉ាងដាច់អហង្ការដោយ អាជ្ញាធរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាធំលើកលែងតែករណីវិវាទរវាង បុគ្គលគ្នាឯង (ជាសមត្ថកិច្ចតុលាការ) ជាក់ ស្តែងវិវាទផ្ទៃក្នុងរវាងអ្នកឈរជាតំណាង នឹងតំណាងរបស់ខ្លួនករណី ឆបោកប្រាក់ជា ថ្នូរនឹងការធានាចែកដីចែកផ្ទះនៅចំណុចអូរអំបិលឲ្យជាដើម ។ល។

សូមបញ្ជាក់ថា ចំពោះបងប្អូនប្រជាពល រដ្ឋដែលរស់នៅចំណុចអូរអំបិលផ្ទាល់គឺ ទទួលបានដីរួចរាល់់ហើយ លើកលែងតែប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តាខេត្តនានាមួយចំនួនដែលចាញ់បោកមេ ខ្យល់ (មកទល់ពេលនេះ ស្ថិតិប្រជាពល រដ្ឋតវ៉ាអះអាងថារស់នៅក្នុងចំណុចអូរអំបិលចំនួន៣៥០គ្រួសារមានច្រើនក្រុម និង ឈ្មោះផ្សេងៗគ្នា) បាននិងកំពុងបន្តតវ៉ាជា មួយអាជ្ញាធរខេត្ត ប៉ុន្តែជាគោលការណ៍អ្នកដែលមិនកំពុងអាស្រ័យផលលើទីតាំងជាក់ស្តែង គឺអាជ្ញាធរមិនមានចំណែកផ្តល់ ជូនឡើយ ពោលគឺផ្តល់ជូនប្រជាពលរដ្ឋ ៣៥០គ្រួសារដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងស្របតាមស្មារតីដែលបានស្នើសំុទៅសម្តេច ប្រមុខរាជរដ្ឋាភិបាល»។

ប្រជាពលរដ្ឋរស់នៅចំណុចអូរអំបិលឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំ ពាក្យសាលាខេត្តនេះថា បើគ្មានផ្សែងក៏ គ្មានភ្លើង ហើយក្រដាសក៏មិនអាចយកទៅខ្ចប់ភ្លើងបានដែរ ដំរីងាប់មិន អាចយកចង្អេរ បាំងនោះទេ ព្រោះប្រជាពលរដ្ឋមករស់នៅទីនោះអ្នកខ្លះមករស់នៅមុនមន្រ្តីសាលា ខេត្តឧត្តរមានជ័យមួយចំនួនមកធ្វើការនៅសាលាខេត្តនេះទៅទៀត ដូច្នេះរឿងខ្លះមិនបានដឹង ៕

we-4 we-1-1

...

ដោយ៖ លី ហ៊ាង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print