ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំ ញៀន៣០កញ្ចប់ និងម៉ូតូ១គ្រឿង កាលពីម៉ោងជិត២រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅមុខចំណុចបញ្ជាការដ្ឋានកងទ័ពជើងទឹក តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៥ ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ផៃ សុភី អាយុ ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង និងទី២-ឈ្មោះ គុជ សី អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងដកហូតថ្នាំញៀន ៣០កញ្ចប់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-5387។
ប្រភពព័ត៌មានពីសមងត្ថកិច្ចបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអន្តរាគមន៍ខណ្ឌទាំងអស់បានធ្វើការជិះចេញល្បាតនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាប់រាល់បទល្មើសដូចជា ឆក់ ប្លន់ លួច ល្បែងសុីសង គ្រប់ប្រភេទរួមនិងគ្រឿងញៀន ខណៈពេលកំពុងជិះល្បាត ស្រាប់តែបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យទើបកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លាចំនួន៣០កញ្ចប់ ជាប្រភេទម៉ាទឹកកក ហើយកម្លាំងសមត្ថកិច្ចយើងក៏នាំខ្លួនជនសង្ស័យទាំង២នាក់ មកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។
ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ខាងលើរួចមក ពួកគេបានសារភាពថា ដោយសារតែមានគេប្រើឲ្យពួកគេទៅយកថ្នាំញៀននោះនៅម្តុំផ្លូវរថភ្លើង ក្បែររោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយគេឲ្យខ្លួនក្នុងតម្លៃ ៥មឺុនរៀល ក្នុងមួយជើង យកទៅស្រុកកំណើត ដើម្បីជួញដូរនិងចែកចាយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
...
ដោយ៖ ជ្រោយពេជ្រ