ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦ ក្រុមកីឡាករ-កីឡាការិនីប៉េតង់ កម្ពុជាបានវិលត្រឡប់មកពីការប្រកួត កីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ីលើកទី២០នៅប្រទេសមីយ៉ាន់ម៉ាដោយបាននាំមកជាមួយនូវមេដាយចំនួន៦គ្រឿង ក្នុង នោះមានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងមេដាយសំរឹទ្ធិចំនួន៣គ្រឿងផងដែរ ។
លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា ការមកទទួលដំណើរវិលត្រឡប់របស់ក្រុម កីឡាករកីឡាការិនីប៉េតងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាពេលនេះគឺក្នុងគោលបំណងលើកទឹកចិត្តក្នុងនាមក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោកបានបន្តទៀតថា ចំពោះការចេញ ដំណើរទៅប្រកួតលើកនេះចែកចេញជា៣ ផ្នែក គឺផែ្នកយុវជនមាន៤នាក់ ដូចជា កីឡាករទីវ រដ្ឋា កីឡាករ ឃួន លីហ៊រ កីឡាករ កុយ សុភក្រ្តា និងកីឡាករ ផង់ ហាសសិទ្ធិ ទេវរាជ ដឹកនាំដោយលោកអ៊ុក យ៉ារី ជាគ្រូ បង្វឹក។ ផ្នែកបុរសមាន៤នាក់ គឺកីឡាករ សុខ ចាន់មាន កីឡាករ សៀង វណ្ណា កីឡាករ តឹប នរ៉ា និងកីឡាករ ហេង ថា ដឹកនាំដោយ លោកអុឹម ផាត គ្រូបង្វឹក ។ ផ្នែកនារីមាន៤ នាក់ គឺកីឡាការិនីជើងចាស់ កែ ឡេង កីឡាការិនី ឃួន យ៉ារី កីឡាការិនី ស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយលោកសុខ ម៉ុង គ្រូបង្វឹក។ សម្រាប់ការប្រកួតនេះកីឡាករសុខ ចាន់មាន ដណ្ដើមបានមេដាយមាសលើ វិញ្ញាសាវាយយកពិន្ទុ។ កីឡាករឃួន លីហ៊រ ដណ្តើមបានមេដាយប្រាក់លើវិញ្ញាសាវាយយកពិន្ទុ និងកីឡាការិនី កែ ឡេង បានមេដាយ សំរឹទ្ធិលើវិញ្ញាសាវាយយកពិន្ទុ។ ចំពោះ វិញ្ញាសា ៣នាក់ទល់៣នាក់ក្រុមកីឡាករ និងកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធិ រីឯក្រុមយុវជនវ័យកម្ពុជាដណ្ដើម បានមេដាយប្រាក់ ។
គួរបញ្ជាក់ថា ការប្រកួតបានចាប់ផ្ដើម ពីថ្ងៃទី១៦ដល់១៩ធ្នូឆ្នាំ២០១៦នៅទីក្រុងNay Phi Taw ប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ សារីម