នៅថ្ងៃទី១៩ខែធ្នូតំណាងរាស្ត្រអាមេរិក ទាំង៥៣៨រូបបានជួបប្រជុំបោះឆ្នោតជាលើកចុងក្រោយជ្រើសរើសប្រធានាធិបតីអាមេរិក ហើយក៏ជាឱកាសចុងក្រោយ សម្រាប់ក្រុមប្រឆាំងប្រធានាធិបតីជាប់ ឆ្នោត ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតី អាមេរិក។
លោកស្រី Carole Joyce អាយុ៧២ឆ្នាំ តំណាងរាស្ត្រមកពីរដ្ឋអារីហ៊្សូណាដែលធ្លាប់ បានសន្យាបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ បានប្រឈមនឹងភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការបោះឆ្នោតសកលនៅថ្ងៃទី៨ខែវិច្ឆិកាមកទល់ពេលនេះ។ លោកស្រី ទទួលបានសារអីុម៉េលជាបន្តបន្ទាប់ឲ្យ ក្រឡាស់លទ្ធផលមិនបោះឆ្នោតគាំទ្រលោក ត្រាំ ធ្វើជាប្រធានាធិបតី។ មកទល់ពេលនេះលោកស្រីទទួលបានសារផ្ទាល់ដៃជាង៥០និងអីុម៉េលជាង៣ពាន់។
សារជាច្រើនបានលើកឡើងថា តំណាង រាស្ត្រចាំបាច់ត្រូវតែជ្រើសរើសប្រធានាធិបតី ដែលមានក្រមសីលធម៌ និងមានបទពិសោធន៍ ចំណេះវិជ្ជាច្បាស់លាស់។ លោកស្រី Carole Joyce បានបញ្ជាក់ទៀតថា «ខ្ញុំពិតជាហតនឿយនូវការអំពាវនាវពីពលរដ្ឋ ប៉ុន្តែខ្ញុំបានចុះហត្ថលេខាលើកិច្ចសន្យាស្មោះត្រង់ ជាមួយបេក្ខភាព ដូណាល់ ត្រាំ ទើបខ្ញុំពិបាក ក្នុងការសម្រេចចិត្ត។
ជាមួយគ្នានោះតំណាងរាស្ត្រមកពីរដ្ឋ តិចសាស់បាននិយាយទៅកាន់សារព័ត៌ មាន Politico ថាលោកទទួលបានសារលិខិត ជាច្រើនក្នុងនោះមានអីុម៉េលជាង២សែន អីុម៉េលអំពាវនាវកុំបោះឆ្នោតឲ្យលោក ត្រាំ នៅក្នុងការបោះឆ្នោតចុងក្រោយនេះ។
តំណាងរាស្ត្រជាច្រើនទទួលបានសារ លិខិតអីុម៉េលឲ្យស្នើឲ្យក្រឡាស់លទ្ធផលវិញ។ លោក ដូណាល់ ត្រាំ ទទួលបាន អាសនៈរហូតដល់ទៅ៣០៦អាសនៈច្រើនជាងច្បាប់កំណត់ដែលមានតែ២៧០អាសនៈ ប៉ុណ្ណោះក្លាយជាប្រធានាធិបតី។
ប៉ុន្តែការបោះឆ្នោតចុងក្រោយនេះ របស់តំណាងរាស្ត្រទាំង៥៣៨រូប ជ្រើស រើសប្រធានាធិបតីក៏ពិបាកក្នុងការកែប្រែលទ្ធផលវិញ ដោយសារតែតំណាងរាស្ត្រទាំងអស់មុនពេលបោះឆ្នោតសកលគឺបានចុះកិច្ចសន្យាជាមួយបក្ខភាពនៅក្នុងគណបក្សរបស់ខ្លួនរួចជាស្រេចត្រូវតែបោះឆ្នោតគាំទ្រនៅក្នុងការបោះឆ្នោតចុងក្រោយ នេះ។
មួយវិញទៀតនៅក្នុងប្រវត្តិសាស្ត្រ អាមេរិកការបោះឆ្នោតចុងក្រោយរបស់ តំណាងរាស្ត្រមិនអាចផ្លាស់ប្តូរលទ្ធផល បានឡើយ។ ម្យ៉ាងទៀតលោក ដូណាល់ ត្រាំ ទទួលបានអាសនៈលើសពីតម្រូវការ រហូតដល់៣៦អាសនៈ ហើយប្រសិនបើ មានតំណាងរាស្ត្រក្បត់ក៏មិនលើសពី២០នាក់ដែរ ហើយ២០នាក់នោះក៏មិនគ្រប់គ្រាន់ ក្នុងការក្រឡាស់ស្ថានភាព៕
ប្រែសម្រួល៖ ម៉ែវ សាធី