ប៉ូលិសទួរគីកាលពីថ្ងៃទី២០ ខែធ្នូ បានចាប់ខ្លួនមនុស្សដែលផ្ទុះកាំភ្លើងនៅមុខស្ថាន ទូតអាមេរិកនៅទីក្រុងអង់ការ៉ា ប្រទេស ទួរគី។
ហេតុការណ៍ខាងលើកើតឡើងក្រោយប៉ុន្មានម៉ោងដែលមន្ត្រីស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងអន់ការ៉ារងការបាញ់សម្លាប់។ បណ្តាញទូរទស្សន៍ជាតិ Anadolu បាន ឲ្យដឹងថា ជនដែលបានចាប់ខ្លួនខាងលើ បានបាញ់ ៨ទៅ៩គ្រាប់ឡើងទៅលើអាកាស មុនពេលចាប់ខ្លួន។
ជាការព្រួយបារម្ភចំពោះសន្តិសុខនៅ ក្នុងប្រទេសទួរគីកាលពីថ្ងៃទី២០ ខែធ្នូ ស្ថាន ទូតអីុរ៉ង់ប្រចាំនៅទីក្រុងអង់ការ៉ាបានឲ្យ ដឹងថា នឹងបិទទ្វារស្ថានទូតអីុរ៉ង់ប្រចាំនៅប្រទេសទួរគីជាបណ្តោះអាសន្ន។ ក្រៅពីនេះអីុរ៉ង់ក៏បានស្នើដល់ពលរដ្ឋរបស់ខ្លួន បញ្ចៀសការធ្វើដំណើរទៅកាន់អឺរ៉ុបក្នុងនោះមានទួរគីជាដើម។
នៅក្នុងរយៈពេលចុងឆ្នាំ២០១៦នេះ ក្រុមភេរវកម្មអាចបង្កើនការវាយប្រហារនៅក្នុងប្រទេសតំបន់អឺរ៉ុបពេលដែលពល រដ្ឋប្រមូលផ្តុំគ្នាចូលរួមកម្មវិធីកម្សាន្តនានា ក្នុងឱកាសបុណ្យគ្រិស្តស្មាស និងចូលឆ្នាំ សកល។ អឺរ៉ុបបានរឹតបន្តឹងសន្តិសុខនៅពេលដែលក្រុមភេរវកម្មបានចូលដល់អឺរ៉ុបជាច្រើនរយនាក់ឡើងគម្រោងវាយប្រហារនៅគ្រប់ទិសទីក្នុងពេលចូលឆ្នាំនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី