មន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋIS បានដណ្តើមគ្រប់គ្រងកាំជ្រួចមីស៊ីលការពារដែនអាកាស S-125 ក្រោយពេលក្រុមនេះវាយប្រហារ ដណ្តើមការគ្រប់គ្រងទីក្រុង Palmyra នៅស៊ីរី។
មីស៊ីល S-125 ត្រូវបានណាតូឲ្យឈ្មោះ ថា SA-3 ដែលមានមីស៊ីល៤ដើមនៅលើ ជើងទម្របាញ់។ មីស៊ីលខាងលើគឺជារបស់ សហភាពសូវៀតអាចបាញ់បានចម្ងាយ ៣០គីឡូម៉ែត្រមានល្បឿនលឿនជាង សំឡេង៣ដង។
កន្លងមកទីក្រុងមូស្គូបានផ្តល់អាវុធ ទាំងនោះឲ្យទៅប្រទេសអារ៉ាប់ រួមមានអីុរ៉ាក់ និងស៊ីរីក្នុងអំឡុងឆ្នាំ១៩៧៩។ កាលពីឆ្នាំ១៩៩១អីុរ៉ាក់បានប្រើប្រាស់មីស៊ីលខាងលើបាញ់ទម្លាក់យន្តហោះ F-16 របស់ អាមេរិក។
ក្រៅពីនេះក្រុម IS ដណ្តើមបានការ គ្រប់គ្រងមានយ៉ាងច្រើនក្នុងនោះមានទាំងរថក្រោះ កាំភ្លើងធំ មីស៊ីលការពារដែន អាកាសផងដែរ។ លោកបន្តទៀតថា រុស្ស៊ី និងស៊ីរីប្រញាប់វាយប្រហារដណ្តើមទីក្រុងបុរាណនោះមកវិញ ដើម្បីរារាំងនិងកម្ទេចអាវុធទាំងនោះ បើមិនដូច្នេះទេនឹងមានសោកនាដកម្មកើតឡើង។
អ្នកឯកទេសអាមេរិកបានបញ្ជាក់ថា ជាមួយនឹងអាវុធទាំងនោះក្រុម IS អាចនឹងទប់ទល់ការវាយប្រហាររបស់រុស្ស៊ីនិងស៊ីរី មិនអាចបរាជ័យនៅក្នុងទីក្រុងអាឡែបប៉ូនោះឡើយ។ នៅពេលនេះក្រុម IS មាន អាវុធទំនើបៗជាច្រើនដែលអាចវាយបក វិញ ឬបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់ របស់សត្រូវបានគ្រប់ពេល។
លោកប្រធានាធិបតី François Hollande បានថ្លែងគាំទ្រឲ្យមានការដឹកជម្លៀស ប្រជាជននៅអាឡិបក្រុងធំទីពីររបស់ ប្រទេសស៊ីរីក្រោមការត្រួតពិនិត្យពីសំណាក់ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិផង ព្រម ទាំងវត្តមានរបស់ក្រុមអង្គការមនុស្សធម៌ ផងដែរ។
នៅពេលនេះក្រោយពេលកម្លាំងទាហាន រុស្ស៊ីនិងស៊ីរីដណ្តើមបានទីក្រុងអាឡែបប៉ូមកគ្រប់គ្រងវិញ សកម្មភាពជម្លៀសពល រដ្ឋចេញពីទីនោះកំពុងតែចាប់ផ្តើមឡើង ដោយខ្លាចក្រុមIS វាយប្រហារដណ្តើមទៅ វិញ។
លោកប្រធានាធិបតីបារាំង François Hollande បានស្នើសុំឲ្យមានការដឹកជម្លៀស ប្រជាជនស៊ីវិលស៊ីរីចេញពីអាឡិបដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុម អ្នកសង្កេតការណ៍អន្តរជាតិនិងដោយមានវត្តមានរបស់អង្គការមនុស្សធម៌នានា។ ប្រធានាធិបតីបារាំងបានគូសបញ្ជាក់ទៀត ថា ចំណែកជំនួយមនុស្សធម៌វិញក៏ត្រូវរៀបចំឡើងជាបន្ទាន់ដែរ ដើម្បីយកទៅជួយ ដល់ប្រជាជនដែលកំពុងរងគ្រោះជាប់កុននៅអាឡិប។
ក្រោយពីកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខជាតិរួចមកលោក ប្រធានាធិបតីបារាំងបានស្នើឲ្យចាត់វិធានការសព្វគ្រប់ដើម្បីអាចធ្វើការដឹកជម្លៀសប្រជាជននៅអាឡិបដោយសេចក្តីថ្លៃថ្នូរ និងដោយសុវត្ថិភាព។
វិមានប្រធានាធិបតីបារាំងបានជូនជាយោបល់ទៀតថា ជំនួយនិងកិច្ចការពារជា បន្ទាន់ត្រូវពាំនាំយកទៅជួយប្រជាជនស៊ីរីទាំងអស់ដែលរស់នៅភាគខាងកើតក្រុងអាឡិបដោយឥតរើសអើងនិងដោយស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ លើស ពីនេះកិច្ចចរចាស្តីពីការផ្លាស់ប្តូរនយោបាយ នៅក្នុងប្រទេសស៊ីរីគឺជាការចាំបាច់បំផុត មួយដើម្បីឲ្យបានទទួលជោគជ័យមួយជាស្ថាពរនៅក្នុងការប្រយុទ្ធប្រឆាំងទល់នឹងភេរវនិយមនៅប្រទេសស៊ីរី។
ស្របគ្នានេះអ្នកនាំពាក្យរបស់រដ្ឋាភិបាល បារាំងលោក Stéphane Le Foll បានទាមទារឲ្យមានការបើកច្រករបៀងដើម្បីអនុញ្ញាតឲ្យប្រជាជនស៊ីវិលអាចជម្លៀសចេញពីក្រុងអាឡិបផងនិងអនុញ្ញាតផងដែរ ដល់ អង្គការមនុស្សធម៌នានាក្នុងការចូលទៅ ដល់ក្រុងអាឡិប។
ជាមួយគ្នានេះដែរ កិច្ចប្រជុំរវាង៥ ប្រទេសបស្ចិមលោកជាមួយ៥ប្រទេស អារ៉ាប់ក្នុងតំបន់នៅបារាំងថ្ងៃនេះត្រូវបានគ្រោងទុកអស់ជាច្រើនសប្តាហ៍មកហើយ។ ៥ប្រទេសបស្ចិមលោកនោះរួមមានអាមេរិក បារាំង អាល្លឺម៉ង់ អង់គ្លេស និងអុីតាលី ចំណែក៥ប្រទេសអារ៉ាប់នៅក្នុងតំបន់គឺ ហ៊្សកដានី ទួរគី អេមីរ៉ាអារ៉ាប់រួម កាតារ និង ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ កម្មវត្ថុសំខាន់ នៃកិច្ចប្រជុំនេះគឺស្វែងរកបទឈប់បាញ់ជាស្ថាពរមួយនៅក្នុងទីក្រុងអាឡិបប្រទេសស៊ីរី។ មន្រ្តីការទូតបារាំងម្នាក់បានទម្លាយឲ្យដឹងថា អ្វីដែលកិច្ចប្រជុំចង់បានគឺការ ធានាសុវត្ថិភាពចំពោះជនស៊ីវិលស៊ីរីដែលកំពុងរស់នៅក្នុងទីក្រុងអាឡិប ពិសេស ចំពោះអ្នកដែលចង់ភៀសខ្លួនចេញ និងអ្នក ដែលចង់បន្តរស់នៅទីនោះ។
មន្រ្តីការទូតបារាំងដដែលបានបន្ថែមថា ក្រុមប្រទេសបស្ចិមលោក និងក្រុម ប្រទេសអារ៉ាប់ក្នុងតំបន់ដែលជាអ្នកគាំទ្រក្រុមប្រឆាំងបានទាមទារជាថ្មីឲ្យមាន ដំណោះស្រាយតាមផ្លូវសន្តិវិធីដែលមិន មែនកំណត់ដោយប្រទេសរុស្ស៊ីជាសម្ពន្ធ មិត្តរបស់ស៊ីរីនោះទេមានន័យថា ការមានប្រៀបកម្លាំងទ័ពរបស់រដ្ឋាភិបាលស៊ីរីដោយ មានជំនួយពីរុស្ស៊ីលើក្រុមប្រឆាំងមិនអាចជាមូលដ្ឋានក្នុងការបន្តរក្សាអំណាចស្របច្បាប់របស់លោកប្រធានាធិបតីស៊ីរីអាសាដ បានឡើយ។ ក្រៅពីបារម្ភស្ថានការណ៍នៅទីក្រុងអាឡិប កិច្ចប្រជុំក្នុងទីក្រុងប៉ារីសថ្ងៃនេះក៏ផ្តោតលើទីក្រុងស៊ីរីរ៉ាក់កាដែលកំពុងស្ថិតក្រោមការកាន់កាប់របស់អង្គការរដ្ឋ អ៊ិស្លាម។
មន្រ្តីការទូតបស្ចិមលោកបានយល់ ឃើញដូចគ្នាថា ការវាយដណ្តើមទីក្រុងរ៉ាក់កាពិតជាពិបាក និងត្រូវប្រើពេលយូរ។ ដោយ ឡែកកិច្ចប្រជុំយោធានិងការទូតរវាងអាមេរិកនឹងរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ ប្រទេស ស្វុីស ក៏នឹងផ្តោតសំខាន់លើស្ថានការណ៍ ក្នុងទីក្រុងអាឡិបដែរ ពិសេសស្វែងរកបទ ឈប់បាញ់ការជម្លៀសជនស៊ីវិលនិងការ ដឹកជញ្ជូនជំនួយមនុស្សធម៌។ អ្វីជាការកត់ សម្គាល់កិច្ចប្រជុំទាំងពីរថ្ងៃនេះបានធ្វើឡើង បន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាក្នុងសំឡេងភាគច្រើនទាមទារឲ្យបិទបញ្ចប់អំពើហិង្សានៅស៊ីរី៕
ប្រែសម្រួល៖ ម៉ែវ សាធី