ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលជាតិចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំង១៧១នាក់ ស្រី១៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ កាលពីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋាន បុគ្គលិកនៃក្រសួងមហាផ្ទៃ និងលោក ងួន រតនៈ អភិបាលខេត្តស្តីទី ជាគណៈអធិបតី និងមាន ការអញ្ជើញចូលរួមពីអស់លោក នាយ នាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គភាពពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលជាច្រើនរូបទៀត ។
លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងបានអានរបាយការណ៍ស្វាគមន៍ ស្តីពីលទ្ធ ផលការងាររបស់កងកម្លំាងនគរបាលសំរេចបានកន្លងមក ក្រោមគណៈបញ្ជាការឯកភាពខេត្ត និងមានសហការចូលរួមពីកងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋពេលនេះយើងទទួលបានជោគជ័យ ។
លោក ឧត្ដមសេនីយ៍ទោ ប៉ុក សុគន្ធ អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ បានអានព្រះរាជក្រិត្យអនុក្រិត្យសេចក្តីសម្រេចផ្ទេរភារៈកិច្ច តែងតាំងមុខតំណែង និង បំពាក់ឋានន្តរសក្តិរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជូនអង្គពិធីរួចមក នោះលោក ឧត្តមសេនីយ៍ឯក ប៉ែន វិបុល , លោក ស ថេត ស្នងការនគរបាលខេត្ត បានអញ្ជើញបំពាក់ ឋានន្តរសក្តិជូនដល់មន្ត្រីនគរបាលជាតិចំនួន១៧១នាក់ក្នុងស្រី១៣នាក់ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះមាន ៖
១-ថ្នាក់ឧត្ដមសេនីយ៍ត្រី ១នាក់ , ២-ថ្នាក់វរសេនីយ៍ឯកម្នាក់ ៣-ថ្នាក់វរសេនីយ៍ត្រី១០នាក់ ,៤-ថ្នាក់អនុសេនីយ៍ឯក៨នាក់ , ថ្នាក់អនុសេនីយ៍ទោ២៩នាក់ ,ថ្នាក់អនុសេនីយ៍ត្រី៥១នាក់, ព្រិន្ទបាលឯក១២នាក់ , ព្រិន្ទបាលទោ៩នាក់ , ព្រិន្ទបាលត្រី ៣នាក់និងការតែងតាំងតួនាទី ភារកិច្ចជានាយការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាល និងមេបញ្ជាការវរសេនាព្រំដែនគោក៨២៣ផងដែរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ក៏មានមតិសំណេះសំណាល និង ថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារបានយ៉ាងសកម្ម និងល្អប្រសើរ ជាពិសេស ការរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ អន្តរជាតិ ដែលបានចេញចូល ស្នាក់នៅបានល្អ នៅក្នុងខេត្ត ។
លោកបានថ្លែងទៀតថា មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទី ភារកិច្ចរបស់ខ្លួន ទៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុងអង្គភាព ជាពិសេសត្រូវសហការឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ។
លោកបានមានប្រសាសន៍បន្ថែមថា ថ្នាក់ដឹកនាំនៅតាមបណ្ដាអង្គភាពនិងអធិការដ្ឋាន និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវប្រគល់តួនាទីភារកិច្ច ការងារជូនមន្ត្រីក្រោមឱវាទ ឲ្យប្រឹងប្រែងអនុវត្តន៍ការងារ និងអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ហើយត្រូវស្មោះត្រង់ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋ អនុវត្តន៍នូវវិន័យសេចក្តីថ្លៃថ្នូរ ក្នុងនាម ជាមន្ត្រីនគរបាលជាតិ មិនត្រូវយកអំណាចទៅប្រើប្រាស់ នូវអំពើខុសច្បាប់ គៀបសង្កាត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ។ត្រូវបន្តធ្វើការផ្សព្វផ្សាយ បើកវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យបានញឹកញ៉ាប់ និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច ឲ្យបានទូលំទូលាយ។ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋទូទាំងខេត្តឲ្យបានកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត ៕ ស សារ៉េត