ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីរងការចោទប្រកាន់ពីអាណាព្យាបាលនារីរងគ្រោះថាបានចាប់រំលោភកូនស្រីគាត់បានសម្រេច កាលពីអំឡុងខែតុលា-វិច្ឆិកា ឆ្នាំ២០១៦ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា យោងតាមពាក្យបណ្តឹងអាណាព្យាបាលនារីរងគ្រោះ ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សែ ងី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មុខរបរលក់ទឹកអំពៅ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយក្មេងស្រីជាអនីតិជន អាយុក្រោម១៥ឆ្នាំ ខណៈឪពុកម្តាយមិននៅផ្ទះ រវល់ទៅស៊ីឈ្នួលគេនៅស្រុកថៃ ។ ចំណែកនារីរងគ្រោះមានឈ្មោះ ថ.ស.ល អាយុ១៥ឆ្នាំ រស់នៅជាមួយជីដូនជីតា ។
ការឃាត់ខ្លួនយុវជនសង្ស័យខាងលើនេះ គឺនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានបញ្ជាក់ថា រឿងហេតុនេះបានកើតឡើងកាលអំឡុងនៅខែតុលា-វិច្ឆិកា ឆ្នាំ២០១៦ ក្រោយពីម្តាយត្រឡប់មកពីប្រទេសថៃវិញក៏បានដឹងរឿង ហើយក៏សម្រេច ចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនារីរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជាយក្រុង