ថ្មីៗនេះលោក កុយ ឆាយ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកស្រែអំបិលត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករដោយសារតមាន កំហុសក្នុងការបំពេញភារកិច្ច និងការប្រមូលពន្ធមានភាពមិនប្រក្រតី។ ការដកបញ្ឈរ ជើងលោក កុយ ឆាយ អាចចាត់ទុកជាការកែទម្រង់ដើម្បីលុបបំបាត់ភាពអសកម្ម ហើយលោក គង់ សម្រេចដែលជាអនុប្រធានត្រូវបានតែងតាំងជាប្រធានស្តីទីក្តាប់ ការងាររួម ប៉ុន្តែអំពើពុករលួយនិងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនៅតែ កើតមានគួរឲ្យព្រួយបារម្ភដដែល ។
ប្រភពបានឲ្យដឹងថា ដោយសារប៉ុស្តិ៍ច្រកស្រែអំបិលងាយស្រួលប្រមូលលុយនាំ ឲ្យមន្ត្រីជាច្រើនស្រក់ទឹកមាត់ចង់បានប៉ុស្តិ៍មួយនេះ ហើយហ៊ានចាយលុយក្នុងរូបភាព ដេញថ្លៃទិញប៉ុស្តិ៍ ប៉ុន្តែមានការប្រជែងគ្នាយ៉ាងស្វិតស្វាញទាំងការចាយលុយ និងការ រត់រកខ្សែឲ្យជួយធ្វើអន្តរាគមន៍។ គេដឹងថា មានមន្ត្រីប្រហែល១០នាក់ប្រជែងគ្នាដើម្បី បានតំណែងជា ប្រធានការិយាល័យគយច្រកស្រែអំបិលដោយមន្ត្រីខ្លះហ៊ានចាយ លុយ១០ដុំ ឬ១០ម៉ឺនដុល្លារ អ្នកខ្លះទៀតហ៊ានចាយលុយ១៥ដុំ អ្នកខ្លះទៀតដែល ស្រក់ទឹកមាត់ចង់ធ្វើមេគយច្រកស្រែអំបិលយូរឆ្នាំមកហើយនោះហ៊ានចាយលុយដល់ទៅ២០ដុំឯណោះ ។
តាមរយៈល្បែងប្រជែងអំណាចដែលភាសាសាមញ្ញគេហៅថា ហាងឆេងមេគយ ច្រកស្រែអំបិលអាចមានតម្លៃចន្លោះពី២៥ទៅ៣០ដុំ
ហើយតំណែងនេះអាចធ្លាក់ក្នុងដៃ មន្ត្រីគយម្នាក់ដែលមន្ត្រីម្នាក់នោះហ៊ានចាយលុយច្រើនជាងគេនិងមានការជួយធ្វើ អន្តរាគមន៍ពីជំទាវដ៏មានអំណាចម្នាក់ដែលកំពុងមានសិទ្ធិចាត់ចែងនិងកាន់បញ្ជី ឈ្មោះតែងតាំងមន្ត្រីគយនៅទូទាំងប្រទេស ៕











