ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយក្រោយពីអ្នកកម្មវិធីសិល្បៈល្បីឈ្មោះ លោក សួង សុវណ្ណារ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពីការអារដៃដោយផ្លៃឡាមហូរឈាមជោគជាំប៉ងធ្វើអត្តឃាត។ ការអាដៃរហូតមានឈាមជោគជាំបន្ទប់នេះត្រូវបានគេឃើញក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់របស់អ្នកផលិតកម្មវិធីខាងលើកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពិសេសក្នុងចង្កោមអ្នកសិល្បៈ។
នៅក្នុងគណនីយហ្វេសប៊ុករបស់លោកឈ្មោះNara King ដែលបានបង្ហោះរូបថតមានឈាមជោគជាំពេញបន្ទប់ដេកជាច្រើនសន្លឹកជាមួយនឹងពាក្យពេចន៍ថា”ជីវិតមនុស្សម្នាក់ៗត្រូវមានការតស៊ូហើយក៏ត្រូវតែតស៊ូដល់ទីបំផុត! តែពេលនេះខ្ញុំហត់ហើយខ្ញុំចង់សម្រាក! សុំកុំធ្វើតម្រាប់តាមខ្ញុំវាមិនល្អនោះទេ!”។ សារខូចចិត្តនេះត្រូវបានធ្វើឡើងក្រោយពីលោកបានបង្ហោះសារប្លែកៗជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកសិល្បៈជាច្រើនបានផ្ញើសារលើកទឹកចិត្ត និងជំរុញឲ្យលោកបន្តការតស៊ូក្នុងជីវិត។ ទោះជាយ៉ាងណាពេលនេះលោកត្រូវបានមិត្តភ័ក្តិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរមួយហើយពេលនេះលោកបានរួចផុតពីសេចក្តីស្លាប់ហើយ។ គេនៅមិនទាន់ដឹងនៅឡើយទេជុំវិញបញ្ហានៅពីក្រោយ ដែលធ្វើឲ្យផលិតករវ័យ២៥ឆ្នាំខាងលើសម្រេចចិត្តគិតខ្លីជ្រើសរើសផ្លូវបញ្ចប់ជីវិត។
គួរបញ្ជាក់ដែរថាលោក សួង សុវណ្ណារ៉ា កន្លងមកធ្លាប់ផលិតកម្មវិធីជាច្រើននៅលើកញ្ចក់ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTV8HD និង MyTV ទទួលបានការគំាទ្រ និងចង់ជួបជុំតារាសិល្បៈហើយលោកក៏ជាអ្នកជំនួញផ្នែកផលិតផលថែរក្សាសម្រស់ផងដែរ ដែលមានអ្នកសិល្បៈល្បីឈ្មោះជាច្រើនស្គាល់រូបលោក។ លោកក៏ត្រូវបានអ្នកសិល្បៈភាគច្រើនគោរពស្រលាញ់រាប់អានខ្លាំងផងដែរ៕
ដោយ៖ វឌ្ឍនា



























