ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រី១៥នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិមិចំការតាម៉ៅ ឃុំឃុំស្រែថ្មី ស្រុករលាប្អៀ និងបន្តចាប់ឃាត់ខ្លួននៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងទៀត ។
សមត្ថកិច្ចដែលស្ថិតនៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានឲ្យដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្ស័យជួញដូរនិងចែកចាយគ្រឿងញៀននេះ សមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលនៅជិតចំណុចកើតហេតុបានរាយការណ៍មកសមត្ថកិច្ចខណៈដែលក្រុមជនសង្សយ័កំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។ ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានអនុវត្តន៍តាមបច្ចេកទេសជំនាញបើកការស្រាវជ្រាវតាមដានឡោមពទ្ធ័ចំណុចខាងលើនិងធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីទាំង២ចំណុចខាងលើនេះសមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទក្រាម ពណ៌សចំនួន១៨កញ្ចប់តូច ស្មើនិង១.៧២ក្រាម ម៉ូតូ៣គ្រឿង ទូរសព្ទ័ដៃ៤គ្រឿង ដាវ២ដើម និងសម្ភារដែលបម្រើដល់ការវេចខ្ចប់និងជក់មួយចំនួនផងដែរ ។
ជនសង្ស័យទាំង១៥នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា