ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វា ខណៈកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកស្រាប់តែមានរថយន្ត មួយគ្រឿងជិះដោយយុវជន២នាក់បានគំរាមសមត្ថកិច្ចនៅពេលសមត្ថកិច្ចឃាត់រថយន្តពួកគេដោយសារតែអ្នកបើកបរ និងអ្នករួមដំណើរមិនបានដាក់ខ្សែក្រវាត់។ ពេលនោះគ្រាន់តែអ្នកបើកបរចេញពីក្នុងរថយន្តភ្លាមនិយាយគំហកដាក់សមត្ថកិច្ចថា ប្រយ័ត្នអញបកស័ក្តិរួចក៏ស្ទុះទៅវាយមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ព្រមទាំងបានអួតអាងថា ផ្ទះរបស់គេនៅទល់មុខផ្ទះនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចក្បែររង្វង់មូលសួនច្បារជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានខណ្ឌជ្រោយចង្វាសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានី ភ្នំពេញបានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹងនៅចំណុចជិតរង្វង់មូលជ្រោយចង្វា។ ខណៈកំពុងត្រួតពិនិត្យ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2208 បើកបរនឹងរួមដំណើរដោយយុវជន ២នាក់អត់ពាក់ខ្សែក្រវាត់ទើបសមត្ថកិច្ចហៅត្រួតពិនិត្យតែបែរជាយុវជន២នាក់ នោះបានចុះពីលើរថយន្តរួចស្រែកថា «អែ្ហងស្គាល់ អញអត់ហ៊ានចាប់អញ ដកស័ក្តិចេញអស់ឥឡូវ» ។ ដោយការនិយាយនេះគឺនៅចំពោះមុខ លោកអធិការខណ្ឌតែម្តង។ មិនតែប៉ុណ្ណោះបាន អួតអាងថា ផ្ទះរបស់គេនៅមុខផ្ទះលោក នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិទៀតផង។ ស្របពេលនោះដោយសារធុំក្លិនស្រាខ្លាំងពេក នគរបាលចរាចររាជធានីភ្នំពេញបានយកឧបករណ៍វាស់ជាតិអាល់កុលទៅវាស់ បែរជាបុរសទាំង២នាក់នោះមិនព្រមសហការជាមួយសមត្ថកិច្ចទេគឺផ្លុំធ្វើតិចៗមិនអាចវាស់កម្រិតជាតិអាល់កុលបាន ព្រម ទាំងវាយនគរបាលប៉ុស្តិ៍បាក់ខែងមួយដៃទៀតផង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនយុវជនទាំង២នាក់នេះរួមជាមួយរថយន្ត១គ្រឿងយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំ ដើម្បីដោះស្រាយជាក្រោយតាមនីតិវិធី ៕
ដោយ៖ ជ្រោយពេជ្រ