ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ខែធ្នូនេះនៅក្នុងបរិវេណសាលសន្និសីទចតុមុខមានរៀបចំពិធីសំណះសំណាល ទទួលទានអាហារ និងប្រគល់អំណោយជូនដល់ ជនពីការភ្នែកប្រមាណ៥០០នាក់។ វត្តមានចូលរួមក្នុងកម្មវិធីនេះមានមន្ត្រីព្រះបរមរាជវាំង មន្ត្រីកាកបាទក្រហមកម្ពុជា មន្ត្រីក្រសួងកិច្ចការនារី និងសិល្បករសិល្បការិនីជាច្រើនរូបចូលរួម។
ការរៀបចំពិធីនេះឡើង ក្រោមគំនិតផ្តួចផ្តើមដោយ មជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ សហការជាមួយសមាគមតន្ត្រីសំនៀងជនពិការ ក្រុមតារាបង្ហាញម៉ូដកម្ពុជា និងសប្បុរសជន ក្នុងគោលបំណងបង្ហាញពីកម្លាំងសាមគ្គីភាពដែលបានផ្តល់ឱកាសដល់ជនគ្រប់រូបរួមគ្នាបរិច្ចាគធនធានជួយដល់ជនពិការ ដែលនេះជាសកម្មភាពវប្បធម៌នៃការចែករំលែកមិនចេះសាបសូន្យ។ សិល្បករក៏បានចូលរួមចែកនូវអំណោយជាអាហារភេសជ្ជៈមួយចំនួនដែលចេញពីសណ្តានចិត្តពួកគេជូនដល់ជនពិការទាំងអស់ បន្ថែមពីលើកថវិកា ភេសជ្ជៈ អាហារដែលរៀបចំដោយលោកស្រី ញ៉ែម មរកតអនុរដ្ឋលេខធិការក្រសួងកិច្ចការនារី ។
កម្មវិធីខាងលើក៏មានការចូលរួមពីសំណាក់មន្ត្រីការបាទក្រហមកម្ពុជាដែលដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចូលរួមផ្តល់អាហារជូនជនពិការមកពី ៧អង្គការ និងសមាគម ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំសកល នៅសាលសន្និសីទចតុមុខ។ លោកស្រីក៏បានពាំនាំមកនូវការផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងបាននាំយកអំណោយជាថវិការបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិតនូវផ្តល់ថវិកាដល់ជនពិការទាំង៥០០នាក់ដែលម្នាក់ៗទទួលបានប្រាក់ ២ម៉ឺនរៀល ។
ជាមួយគ្នានេះដែរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានព្រះរាជទានព្រះរាជទ្រព្យចំនួន៥០០ដុល្លារអារមេរិក ជូនដល់កម្មវិធីជួបជុំសប្បុរសជនជាមួយជនពិការ ផ្តល់អាហារបាយទឹកក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះផងដែរ៕
ដោយ៖ វឌ្ឍនា