ភ្នំពេញ ៖ អាជីវករលក់ដូរនៅផ្សារ ដើមអំពិល ជាច្រើននាក់ បានផ្ទុះការតវ៉ាចាក់ទំនិញចោលលើផ្លូវប្រឆាំង និងសមត្ថកិច្ច ខណៈអាជ្ញាធរខណ្ឌសែនសុខ បានចេញបញ្ជាមិនអនុញ្ញាតិឲ្យពួកគាត់លក់ដូរ នៅលើចិញ្ចើមផ្លូវសាធារណៈ ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១៦ និង៥០នាទី ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្សារ ដើមអំពិល ផ្ទាល់តែម្តង ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ឧុកញ៉ា ម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមអាជីវករប្រាប់ឲ្យដឹងថា ពួកគាត់ធ្លាប់លក់ដូរនៅលើចិញ្ចើមផ្លូវក្បែរផ្សារ ដើមអំពិល នេះ ជាយូរឆ្នាំមកហើយ មិនដែលមានបញ្ហានោះទេ ទើបតែល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះ ស្រាប់តែអាជ្ញាធរខណ្ឌសែនសុខ មានទាំងអាវុធហត្ថមូលដ្ឋានខណ្ឌ នគរបាលបាលខណ្ឌ ប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ជាច្រើននាក់ មានរថយន្ត ពីរបីគ្រឿង បានមកដេញពួកគាត់មិនអោយលក់ដូរ ទើបធ្វើឲ្យពួកគាត់ជាអាជីវករជាច្រើននាក់ ដែលធ្លាប់លក់ដូររាប់ឆ្នាំមកហើយនោះ ផ្ទុះការតវ៉ា រហូតហ៊ានចាក់ទំនិញចោលលើផ្លូវបែបនេះ ។
ក្រុមអាជីវករប្រាប់បន្តឲ្យដឹងថា ពួកគាត់សព្វថ្ងៃនេះ គឺនាំគ្នាលក់បន្លែបង្ការ សាច់ជ្រូក សាច់គោ និងទំនិញផ្សេងទៀត នៅលើចិញ្ចើមផ្លូវសាធារណៈមែន ប៉ុន្តែលក់នៅលើចិញ្ចើមផ្លូវ តែមួយភាគបី ប៉ុណ្ណោះ មិនប៉ះពាល់នៅលើចិញ្ចើមផ្លូវធំដុំនោះឡើយ ហេតុអ្វីបានជាអាជ្ញាធរខណ្ឌសែនសុខ មានទាំងអាវុធហត្ថមូលដ្ឋានខណ្ឌ នគរបាលបាលខណ្ឌ ប៉ុស្តិ៍ និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌជាច្រើននាក់ ចុះមកចាប់ទំនិញរបស់ពួកគាត់យ៉ាងដូច្នេះ ទើបពួកគាត់ទាំងអស់គ្នា ផ្ទុះការតវ៉ា រហូតហ៊ានចាក់ទំនិញចោលលើផ្លូវយ៉ាងនេះ ។
ទោះបីយ៉ាងក្តីបងប្អូនអាជីវករទាំងអស់ សូមសំណូមពរយ៉ាងទទូចទៅដល់លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ មេត្តាអនុញ្ញាតិឲ្យពួកគាត់បានលក់បន្តទៀត ដោយពួកគាត់សន្យាលក់ដូរទំនិញមិនឲ្យប៉ះពាល់ទៅទ្រូងផ្លូវនោះទេ ដោយលក់ដូរនៅលើចិញ្ចើមផ្លូវ តែមួយភាគបីប៉ុណ្ណោះ ៕ តុង សីហា