ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានអតីតប្តី ដែលបានលែងលះគ្នារួចរាល់ហើយ បែរជាមកចាប់នាងឃុំ ឃាំងអស់១យប់ក្នុងផ្ទះ ថ្ងៃទី២៧ ខែធ្នូ ស្ថិត ក្នុងផ្ទះលេខ 5G, ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះព្រឹកថ្ងៃទី២៨ ខែធ្នូ ទើបកម្លាំងនគរបាលដឹងពីដំណឹងជួយ រំដោះ ចេញ និងឃាត់បុរសជាប្តីសាកសួរ។ ប្តី ដែលឃុំឃាំងប្រពន្ធឈ្មោះ ធី សុវណ្ណ អាយុ៣៧ឆ្នាំនិងប្រពន្ធឈ្មោះលី ភា រុន អាយុ៣៤ឆ្នាំមានកូន២នាក់( ប្រុស១ស្រី១) ទាំង២នាក់ជាថៅកែផ្ទះសំណាក់ យីហោ «ភី រុន» ក្នុងភូមិ កើតហេតុ ខាងលើ ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីប្រពន្ធគាត់បានចាបលដៃគ្នារួមរស់ជាមួយគ្នារយៈពេល១០ឆ្នាំហើយដោយមានកូន២នាក់ប្រុស១ស្រី១ ។ រយៈពេល៣ឆ្នាំចុងក្រោយនេះប្តីរូបនេះបានបែកឆ្វេងមានស្រីផ្សេងហើយតែងតែវាយធ្វើបាបគាត់រហូត ។ ពេលខ្លះគាត់ត្រូវជាំសាច់ប៉ោង មុខប៉ោងមាត់មានស្លាកស្នាមមកដល់សព្វថ្ងៃនេះ ។ ដូច្នេះគាត់ទ្រាំលែងកើតក៏សម្រេចចិត្តដាក់ពាក្យលែងលះគ្នា រហូតមានចេញសាលក្រមបញ្ចប់ហើយ ។ នៅយប់ថ្ងៃកើតហេតុខណៈគាត់ជិះម៉ូតូក៏បានជួបប្តីនេះហើយសុំមើលក្រដាសសាលក្រមនោះ តែត្រូវគាត់មិនឱ្យមើលក៏ត្រូវប្តីនេះចាប់វាយគាត់និងអូសគាត់ទៅបង្ខាំងទុកក្នុងផ្ទះតែម្តង ទើបគាត់ទូរស័ព្ទប្តឹងប៉ូលិសឱ្យអន្តរាគមន៍ ។
ប្រភពឱ្យដឹងទៀតថាស្ថិតក្នុងប៉ុស្តិ៍ចោមចៅទៅហើយទាំងប្តី-ប្រពន្ធនៅមានការប្រកែកឡូឡាខ្លាំងទៀតដោយបុរសប្តីនោះបានបង្ខំឱ្យ ប្រពន្ធដកពាក្យបណ្តឹងវិញទៅតែប្រពន្ធមិនព្រមស្រាប់តែប្តីចង់ហក់ទៅវាយនាងទៀត ។
ក្រោយពីការឃាត់ខ្លួន ដោយសារតែកូនស្រី ស្ត្រីរងគ្រោះបានសុំអង្វកុំអោយដាក់ពាក្យបណ្តឹង ដោយគ្រាន់តែអប់រំ និងធ្វើកិច្ចសន្យាកុំឲ្យមករំខានទៀត ៕
ដោយ៖ សុខាសែនជ័យ