លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ សរសើរលើកិច្ចសហ​ប្រតិបត្តិការដ៏ល្អជាមួយទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨នេះ គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននិវត្តន៍មកដល់រាជធានីភ្នំពេញ វិញហើយតាមការគ្រោងទុកបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពី
គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ធ្វើទស្សនកិច្ចនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ដំណើរទស្សនកិច្ចនោះ លោកប៉ា សុជាតិវង្ស ក៏បានជួបសំណេះសំណាលជាមួយ លោកHoang Trung Hai លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ។ នាឱកាសនោះ លោកក៏បានលើកឡើងពីសកម្មភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ព័ន្ធភាពនឹងគ្នាលើការជួយគ្នាទៅវិញទៅមកលើច្រើនវិស័យ ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងមនុស្សធម៌ជាដើម។ លោកអភិបាលក៏បានលើកឡើងពីសភាពការណ៍ដ៏ល្អប្រសើរនៅរាជធានីភ្នំពេញពីសុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខធ្វើឲ្យយើងមានឱកាសក្នុងការអភិវឌ្ឍទីក្រុង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានទៅឈ្មោះបោះឆ្នោត បានរួចរាល់ហើយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៤៨គណបក្ស។

លោកអភិបាលរាជធានីក៏បានលើកឡើងពីផែនការអភិវឌ្ឍរាជធានីភ្នំពេញ ទៅលើការរៀបចំកែលម្អប្រព័ន្ធចរាចរណ៍ ការស្ថាបនា និងជួសជុលផ្លូវ ប្រព័ន្ធលូ ការបង្ខិតសេវាសាធារណៈទៅជិតប្រជាពលរដ្ឋ ការបង្កើតច្រកចេញចូលតែមួយ ក៏ដូចជំរុញការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពជាដើម។

លោក Hoang Trung Hai ក៏បានជម្រាបលោកប៉ា សុជាតិវង្ស ពីដំណើរការអភិវឌ្ឍទីក្រុងហាណូយ ជាទីក្រុងដែលមានប្រជាជនប្រកបរបរកសិកម្មប្រមាណ៥៥ភាគរយ ។ ជាទិសដៅខាងរដ្ឋបាលក្រុងចង់បង្វែរពីការងារកសិកម្មឲ្យទៅជាឧស្សាហកម្ម ឬកសិឧស្សាហកម្មវិញ។ តែការងារនេះ ត្រូវចំណាយខ្ពស់ធ្វើឲ្យវិនិយោគមានការរុញរាខ្លះ។ លោកបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការក្នុងនាមជាទីក្រុងសម្ព័ន្ធភាពហាណូយភ្នំពេញ ដែលបានទទួលផ្លែផ្កាជាប្រយោជន៍សម្រាប់ការអភិវឌ្ឍទីក្រុងទាំងពីរ និងគាំទ្រឲ្យមានការជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

នៅរសៀលថ្ងៃទី២៧ធ្នូ គណៈប្រតិភូសាលារាជធានីភ្នំពេញ ក៏បានអញ្ជើញទៅទស្សនាសារមន្ទីរទីក្រុងហាណូយដែលបានសាងសង់តាំងពីឆ្នាំ២០១០ ដោយមានការដាក់តាំងផ្ទាំងគំនូរ និងចម្លាក់ផ្សេងៗដែលមានអាយុកាលរាប់ពាន់ឆ្នាំដែលបង្ហាញពីប្រវត្តិសាស្រ្តបុរាណក៏សម្បូរបែបនៃទីក្រុងហាណូយសម្រាប់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់។

លោក ប៉ា សុជាតិវង្ស បានថ្លែងកោតសរសើរចំពោះការរៀបចំសារមន្ទីរនេះ ដែលមានរបៀបរៀបរយល្អ។ លោកអភិបាល បានលើកឡើងផងដែរ ពីគំរាមកំហែងសាងសង់សាលាវិចិត្រសិល្បៈដ៏ធំមួយនៅត្រើយខាងកើតទន្លេសាបរាជធានីភ្នំពេញដែលជាគ្រឹះនៃការថែរក្សាអភិរក្ស និងបណ្តុះបណ្តាលវប្បធម៌ ប្រពៃណីជាតិប្រកបដោយស្តង់ដារច្បាស់លាស់។ ជាមួយគ្នានេះដែរ គណៈប្រតិភូរាជធានីភ្នំពេញក៏បានអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យនយោបាយជាតិហូជីមិញ ដែលជាសកលវិទ្យាល័យតែមួយគត់បានបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់ និងមន្រ្តីទូទៅមកចូលកាន់តំណែង ឬបំពេញមុខងាររបស់ខ្លួន។

លោកប៉ា សុជាតិវង្ស ក៏បានលើកឡើងពីគម្រោងដែលក្រសួងមហាផ្ទៃសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីសាងសង់សាលាបណ្តុះបណ្តាលមន្រ្តី ធ្វើវិក្រឹតការមន្រ្តីលើវិស័យនយោបាយ ការដឹកនាំ និងអភិបាលកិច្ចល្អជាដើមប្រកបដោយឧត្តមគតិខ្ពស់  ៕

image2 image5 image7 image8

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print