ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៤លើក (យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ស្រី១) រងរបួសធ្ងន់១៣នាក់ (ស្រី៤) និងរងរបួសស្រាល៨នាក់ (ប្រុស) ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូច ចំនួន៣គ្រឿង , រថយន្តធុនធំ៩គ្រឿង ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៣លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ (៣លើក) , ប្រជែង២លើក (ស្លាប់៣នាក់) , ស្រវឹង២លើក , មិនគោរពសិទ្ធិ ២លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់ ១លើក , កត្តាយានយន្ត១លើក (ស្លាប់១នាក់) ។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉ូតូ១០លើក , រថយន្តធុនតូច២លើក (រត់១លើក) , រថយន្តធុនធំ៥លើក (រត់១លើក) ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្តបាត់ ដំបង ៣លើក ស្លាប់៤នាក់(ស្រី) របួស៣នាក់ (ស្រី) , ភ្នំពេញ ២លើក ស្លាប់១នាក់ របួស២នាក់ (ស្រី) , កោះ កុង១លើក ស្លាប់១នាក់ , តាកែវ១លើក ស្លាប់១នាក់ , កំពត១លើក របួស៣នាក់ និងខេត្តកំពង់ធំ ១លើក របួស៣នាក់ ។
របាយការណ៍ដដែលបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍កន្លងមកក្នុងរយៈពេល២៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ២៨ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៣៤លើក ស្លាប់១២៩នាក់ , របួសធ្ងន់៣៤៧នាក់ និងរបួសស្រាល២៥៤នាក់ ,របួសសរុប៦០១នាក់ ៕ ជាយក្រុង