ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់បែកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះកង់លើកំណាត់ផ្លូវជាតិលេខ១ត្រូវរថយន្តមិនស្គាល់ម៉ាកបុកយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៤និង៣០នាទីទាបភ្លឺថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ស្ថិតក្នុងភូមិត្របែកប្រហោងឃុំតាសួសស្រុកស្វាយជ្រំ ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះអ៊ុក សាមាន អាយុ៧០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិដូនលៀបឃុំគោកព្រីងស្រុកស្វាយជ្រំ ។ រីឯរថយន្តដែលបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈមានសភាពមិនស្រួលបើកគេចទៅកើតបាត់ស្រមោលតែម្ដង ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានស្ត្រីម្នាក់បានជិះកង់លើកំណាត់ផ្លូវជាតិតែម្នាក់ឯងបន្ទាប់មកស្រាប់តែលឺសូសំលេងក្ដាំងបណ្ដាលអោយស្ត្រីម្នាក់ស្រែកហៅជួយផងរួចក៏ស្ងាត់ទើបអ្នកភូមិចេញមកមើលឃើញរថយន្តបើកទៅទិសខាងកើតឆ្ពោះចូលខេត្តព្រៃវែងបាត់និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏ប៉ុន្តែដោយរបួសក្បាលធ្ងន់ធ្ងរពេកក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។
ក្រោយពីពិនិត្យសាកសពនិងធ្វើការវាស់វែងរួចសមត្ថកិច្ចនគរបាលបានប្រគល់ទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន












