ភ្នំពេញ៖ ឪពុកស្លាប់ ទើបនឹងបានបញ្ចប់បុណ្យសពនៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះស្រាប់តែនៅវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃដដែលនោះ ខណៈដែលរោងបុណ្យសពឪពុក ទើបរុះរើចេញរួចមិនដល់១ម៉ោងផង ស្រាប់តែប្តីដែលជាជនជាតិកូរ៉េនោះបានស្លាប់បន្តម្នាក់ទៀត ធ្វើឲ្យស្ត្រីជាប្រពន្ធក៏ដូចជាកូនស្លុតចិត្តនិយាយលែងចេញព្រោះតែបានបាត់បង់ឪពុកជាទីគោរពផងនិងប្តីជាទីស្រលាញ់ផង ។
ស្ត្រីដែលមានទុក្ខជាន់លើទុក្ខនោះឈ្មោះ ទុយ ចន្ថា អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្ដីរបស់គាត់ដែលស្លាប់នោះឈ្មោះ Song Chang yong អាយុ៦០ឆ្នាំ មានស្រុកកំណើតនៅប្រទេសកូរ៉េ។
ប្រភពពីស្ត្រីជាប្រពន្ធបានប្រាប់ឲ្យនគរបាលដឹងថា ប្ដីរបស់គាត់មានជំងឺបេះដូងប្រចាំកាយរ៉ាំរ៉ៃយូរមកហើយដែរ ហើយគ្រូពេទ្យបានឲ្យតមស្រា មិនឲ្យផឹកជាដាច់ខាត ប៉ុន្តែក្នុងពេលកន្លងមកប្ដីគាត់ពិបាកចិត្តពេកបានផឹកស្រា ស្រាប់តែជំងឺបានរើឡើងវិញ ហើយចេះតែមានអាការមិនស្រួលខ្លួនរហូត ហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះមានការនឿយហត់ ធ្វើបុណ្យសពឪពុកទៀតទើបគាត់គាំងបេះដូងស្លាប់បែបនេះ។
ស្ត្រីរូបនោះបានបន្តថា ឪពុកគាត់ស្លាប់ដោយរោគាពាធហើយគាត់បានធ្វើបុណ្យទើបតែចប់នៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ នេះប៉ុណ្ណោះ ហើយក្រោយពេលបុណ្យចប់ រុះរោងរួចបុណ្យសពចេញស្រាប់តែប្ដីស្លាប់បន្តទៀតពិតជាទុក្ខជាន់លើទុក្ខមែន។ នគរបាលបាននិយាយថា ក្រោយពេលទទួលបានដំណឹងនោះភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោលសល្យវិច័យ ព្រមទាំងបានរាយការណ៍ទៅថ្នាក់លើដើម្បីរាយការណ៍បន្តទៅកាន់ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជាបានជ្រាបពីមរណភាពជនជាតិកូរ៉េរូបនេះ ៕
ដោយ៖ សុខាសែនជ័យ












