ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងនាវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៦ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះនៅផ្ទះជាន់ទី១ ស្ថិតលើផ្លូវលេខ៣៦៧ កែងផ្លូវលេខ៦៣៨ ក្នុងភូមិដើមម៉ាក់ក្លឿ១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញពីក្នុងផ្ទះ កើតហេតុខាងលើយ៉ាងឃ្មួលខ្មាញ់ចេញតាមទ្វារ និងបង្អួច គ្រាដែលម្ចាស់ផ្ទះមិននៅ ចាក់សោ ទុកចោល ។បន្ទាប់មកក៏មានចេញជាអណ្តាតភ្លើងខ្លាំងឡើង ហើយប្រជាពលរដ្ឋនៅក្បែរនោះ បម្រុងទៅបាញ់ដោយបំពង់ពន្លត់អគ្គិភ័យដែរ តែឡើងមិនរួចក៏រាយការណ៍ប្រាប់អាជ្ញាធរមូល ដ្ឋានឲ្យទូរសព័្ទហៅរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ភ្លាមៗ ។
ប្រភពដដែលបានឲ្យដឹងទៀតថា មានរថយន្តពន្លត់អគ្គិភ័យរបស់ខណ្ឌមានជ័យនិងច្បារអំពៅពីរគ្រឿងបានទៅដល់ប្រើតាមបច្ចេកទេសឡើងទៅបាញ់ទឹកពន្លត់នៅជាន់ទី១ ក្នុងរយៈពេលជិតមួយម៉ោងទើបរលត់ បន្ទាប់ពីគេសង្ស័យថា អគ្គិភ័យនេះបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន ដោយសារឆ្លងចរន្តអគ្គិសនី គ្រាដែលម្ចាស់ផ្ទះបិទ ទ្វារចោលចេញទៅក្រៅបាត់អស់ ៕
ដោយ៖ ប្រាថ្នា











