រថយន្តដឹកឈើក្រុមហ៊ុនMDSចុះចំណោតភ្នំបុកគំនរដី ឈើរុញគៀបតៃកុងម្នាក់ស្លាប់ក្នុងកាប៊ីន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្តធុនធំដឹកឈើអារពេញមួយគ្រឿង បើកចុះចំណោតភ្នំរេចង្កូតបុកគំនរដីចិញ្ចើមផ្លូវបណ្ដាលឲ្យឈើរុញបុកគៀបតៃកុងស្លាប់ក្នុងកាប៊ីនរថយន្ត កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចចំណោតភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែមករា នេះថា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឈើសង្កត់ខាងលើឈ្មោះ វេ ហ៊ុល ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្រែល្វា ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបររថយន្តធុនធំម៉ាកហ៊ីណូ ពណ៌សស្នូតលឿងលាយខៀវ ពាក់ស្លាកលេខភ្នំពេញ3A-0519 ប្រភេទយីឌុប ដឹកឈើអារពេញ។

លោកវរសេនីយ៍ត្រីបន្តថា រថយន្តដឹកឈើអារប្រភេទយីឌុបបង្កគ្រោះថ្នាក់ចរាចរណ៍បុកគំនរដី បណ្ដាលឲ្យអ្នកបើកបរគៀបស្លាប់នៅក្នុងកាប៊ីនដោយសារឈើសង្កត់ខាងលើ ជាឈើរបស់ក្រុមហ៊ុន MDS (ឧកញ៉ា ទ្រី ភាព) ដឹកចេញពីឃុំអន្លង់រាប ស្រុកវាលវែង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥៥ ដែលកំពុងកសាង លុះមកដល់ចំណុចកើតហេតុ ត្រូវបានគេសង្ស័យរថយន្តបង្កមានបញ្ហាផ្នែកហ្វ្រាំង ខណៈនោះគេឃើញរថយន្តរេចង្កូតទៅបុកគំនរដីទើបរថយន្តទៅមុខលែងរួច ធ្វើឲ្យទម្ងន់ឈើរុញសង្កត់ខ្ទេចកាប៊ីនរថយន្តគៀបអ្នកបើកបរស្លាប់យ៉ាងអាណោចអធ័ម គាស់យកសាកសពអស់ជាច្រើនម៉ោង ។

លោកអធិការបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យស្លាប់មនុស្សខាងលើ វត្ថុតាងទាំងឈើទាំងរថយន្តត្រូវបានប្រគល់ឲ្យក្រុមហ៊ុនចាត់ចែងដោះស្រាយជាមួយជនរងគ្រោះ ដោយពុំបានយកមករក្សាទុកនៅសមត្ថកិច្ចនគរបាលនោះទេ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងតាមប្រពៃណី។

ទោះជាយ៉ាងណាក្ដី មហាជនបានធ្វើការរិះគន់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងដោយរថយន្តដឹកឈើសង្កត់មនុស្សស្លាប់ ប៉ុន្តែគេមិនដឹងច្បាស់លាស់ថា ឈើនេះមានច្បាប់ឬគ្មានច្បាប់នោះទេ នេះគ្រាន់តែជាការអះអាងរបស់សមត្ថកិច្ចប៉ុណ្ណោះ? ហើយការដឹកទម្ងន់បែបនេះគេក៏មិនដឹងថាស្របច្បាប់នោះដែរ? ម្យ៉ាងទៀតរថយន្តផ្ទុកឈើខាងលើនេះ ស្របតាមច្បាប់បច្ចេកទេសដែរឬយ៉ាងណា? ពិសេសជាងនេះទៀតនោះគេនៅចាំបានថា រថយន្តដឹកឈើបង្កខាងលើម្ចាស់នៅឃុំត្រពាំងជង ស្រុកបាកាន ហើយបើម្ចាស់នេះមែនគេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុនស្លាប់កម្មករម្នាក់ដែរដោយសាររថយន្តដឹកឈើក្រឡាប់សង្កត់ ហើយមករកស៊ីដឹកជញ្ជូនឈើជ្រកក្រោមស្លាកយីហោ ក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព ។

ទោះជាយ៉ាងណាក្ដីពាក់ព័ន្ធនឹងផ្លូវច្បាប់ ហេតុអ្វីបានជាសមត្ថកិច្ចចេះតែឲ្យរួចខ្លួនរហូតដូច្នេះ? បើករណីនេះធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ស្ថាប័នច្បាប់គួរតែពិចារណាឡើងវិញពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ដូច្នេះហើយមានន័យថាជាក្រុមបក្ខពួកដែលបានរៀបគម្រោងចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៣នាក់ កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចហាងបាយមួយកន្លែង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនអ្នកសារព័ត៌មានទាំង៣នាក់ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដោយចោទពីបទកំហែងយក ៕

pursat-8 pursat-7 pursat-4 pursat-6 pursat-3 pursat-5 pursat-1 pursat-2 pursat-9

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print