ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះជាតួអង្គជំទាវ កញ្ញា ហេង ស្រីពេជ្រ និងម្ចាស់ពានតារាសម្តែងប្រុសសម្តែងបានគ្រប់ទម្រង់ លោក លាង ឧត្តមត្រូវបានអ្នករួមអាជីពជាច្រើនអ្នកធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការធ្វើពិធីខួបកំណើតចំថ្ងៃដំណាលគ្នាថ្ងៃទី០១ខែមករាឆ្នាំ២០១៧នេះ។
សិល្បករជិតដិតរបស់តារាសម្តែងស្រី ហេង ស្រីពេជ្រ បានច្រៀងចម្រៀងជូនពរខួបកំណើតនាងជាមួយនឹងនំខួបកំណើតធ្វើឲ្យតារាស្រីរូបនេះភ្ញាក់ផ្អើលស្ទើស្រក់ទឹកភ្នែក។ តារាស្រីរូបនេះមិនបានរៀបចំពិធីខួបកំណើតធំដុំទេគឺមានតែការច្រៀងលេងកម្សាន្ត និងទទួលទានអាហារបែបសាមញ្ញក្នុងភោជនីយដ្ឋានមួយជិតផ្សារទួលទំពូង។
តារាសម្តែងរូបនេះបញ្ជាក់ថា នាងស្ទើរស្រក់ទឹកភ្នែកពេលលឺចម្រៀងដែលច្រៀងជូនពរថ្ងៃខួបកំណើតដោយអ្នករួមអាជីព។នាងបញ្ជាក់ថាថ្ងៃទី១ខែមករាគឺជាថ្ងៃខួបកំណើតរបស់នាងហើយឆ្នាំនេះគឺជាខួបគម្រប់៣១ឆ្នាំឈានចូល៣២ឆ្នាំរបស់នាង។ នាងបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងទទួលបានការងារសិល្បៈច្រើន ហើយបើទោះបីជាមានរឿងរ៉ាវជីវិត និងការលំបាកជាច្រើនគឺមានពួកគាត់ជាមិត្តភ័ក្កិជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យនាងបន្តប្រឹងប្រែងលើវិថីសិល្បៈបន្ត។ តារាស្រីល្បីខាងតួម្តាយអ្នកជាអ្នកមានទ្រព្យស្តុកស្តម្ភរូបនេះលើកឡើងដែរថា បើទោះបីជាជីវិតនៅក្នុងខ្សែភាពយន្ត និងនៅខាងក្រៅមានលក្ខណៈខុសប្លែកគ្នាខ្លាំងក៏នាងនៅតែបន្តប្រឹងប្រែង គ្រាដែលអ្នករួមអាជីណជាច្រើនតែនៅជិតនិងជួយលើកទឹកចិត្តគ្រប់ពេលវេលា។ ទោះជាយ៉ាងណាសម្រាប់ឆ្នាំនេះនាងមិនមានគម្រោងរៀបចំពិធីខួបកំណើតធំដុំនោះទេព្រោះតែមិនចង់ចំណាយថវិកាច្រើន គឺមានតែការជួបជុំមិត្តភ័ក្កិជិតដិតមិនដល់១០នាក់ផង។ តារាសម្តែង ហេង ស្រីពេជ្ររំពឹងដែរថា សម្រាប់ឆ្នាំថ្មីនេះការងារនាងនិងកាន់តែល្អប្រសើរ រីឯជីវិតស្នេហាក៏នឹងមានដំណឹងល្អ ប៉ុន្តែអ្វីដែលនាងប្រាថ្នាចង់បានខ្លាំងគឺក្រុមគ្រួសារនាងមានសេចក្តីសុខសុភមង្គល។
ក្រោយពីបញ្ចប់ការទទួលទានអាហារជុំគ្នា ពួកគេបានបន្តដំណើរទៅជួបតារាសម្តែងប្រុសលាង ឧត្តម ដែលក្នុងភោជនីយដ្ឋានមួយជិតផ្សារបឹងកេងកង ជាមួយនឹងនំខួបកំណើតមួយផងដែរ។ លោក លាង ឧត្តមបញ្ជាក់ថា ទោះជាថ្ងៃខួបកំណើតប៉ុន្តែលោកមិនមានរៀបចំកម្មវិធីអ្វីទាំងអស់ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដែលមិត្តរួមអាជីពរបស់លោកបើកដំណើរការភោជនីយដ្ឋានថ្មីទើបលោកមកចូលរួម ហើយត្រូវបានអ្នករួមអាជីពធ្វើឲ្យភ្ញាក់ផ្អើលតែម្តង។ លោកបញ្ជាក់ថាឆ្នាំនេះលោកមានវ័យ៣៧ឆ្នាំហើយ ហើយក៏មិនដែលមានគម្រោងរៀបចំកម្មវិធីអ្វីដែរ ប៉ុន្តែការធ្វើឲ្យភ្ញាក់ផ្អើលពីអ្នករួមអាជីពធ្វើឲ្យលោករំភើបរកអ្វីប្រៀបផ្ទឹមមិនបាន ហើយវាបានឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់រាប់អានគ្នាផងដែរ។ លោកក៏រំពឹងដែរថាឆ្នាំថ្មីនេះលោកនឹងទទួលបានការងារសិល្បៈកាន់តែច្រើន៕
ដោយ៖ វឌ្ឍនា