ភ្នំពេញ៖ គ្រូបង្វឹករបស់ក្រុមឡាវ Lanexang បានអះអាងថា ពួកខ្លួនបានតាំង ចិត្តយកឈ្នះក្រុមបឹងកេតអង្គររួចជាស្រេច គឺតាំងពីមុនពេលប្រកួតនិងពេលកំពុង ប្រកួតមកម្លេ៉ះដោយលោកបានសិក្សាពីទម្រង់លេងរបស់ក្រុមបឹងកេតអង្គរ។ ដូច្នេះ ហើយពេលប្រកួតលោកបញ្ជាឲ្យកូនក្រុមព្យាយាមធ្វើយ៉ាងណារំខានកុំឲ្យខ្សែប្រយុទ្ធ បឹងកេតមានឱកាសចែកបាល់ឬក៏បញ្ជូនបាល់ចេញឲ្យសោះ។ នេះគឺជាការអះអាង របស់លោក Leonardo Vitorino គ្រូបង្គោល ដឹកនាំក្រុម Lanexang United របស់ឡាវដែលបាននិយាយក្រោយពីឈ្នះក្រុមបឹងកេតអង្គរក្នុងលទ្ធផល៣ទល់0កាលពីយប់ថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។
លោក Leonardo Vitorino បាននិយាយ ថា “ក្រុមរបស់លោកបានតាំងចិត្តមុនពេល ប្រកួតថាមកកម្ពុជាគឺដើម្បីយកឈ្នះ បើទោះបីក្រុមរបស់លោកគ្មានកីឡាករខ្លាំង ឬ កីឡាករល្បីក្តី ប៉ុន្តែក្រុមទាំងមូលរបស់ លោកគឺជា Super Star ព្រោះមុនពេលប្រកួត ជាមួយបឹងកេតអង្គរលោកបានប្រាប់កីឡាករឱ្យតាំងចិត្តកុំឲ្យភ័យខ្លាច និងប្រមូលផ្តុំ ស្មារតី បើឈ្នះគឺឈ្នះទាំងអស់គ្នាតែបើចាញ់ គឺជាកំហុសរបស់លោក” ។
គ្រូបង្គោលរូបនេះបានអះអាងថា “មុនពេលលេងលោកបានបញ្ជាឲ្យខ្សែការពារ របស់ក្រុមលោកធ្វើការបិទកីឡាករបឹង កេតអង្គរដោយមិនទុកទីតាំងល្អឬទីតាំងធំទូលាយក្នុងការបញ្ជូនបាល់ឬចែកបាល់ឡើយ។ ពីព្រោះលោកបានសិក្សាឃើញថាខ្សែប្រយុទ្ធរបស់បឹងកេតអង្គរមានចំណុច ខ្សោយព្រោះពួកគេត្រូវការលេងបាល់វែងនិងត្រូវការទីតាំងធំទូលាយសម្រាប់ទម្លុះខ្សែការពាររបស់លោក” ។
ជាមួយនឹងការលើកឡើងរបស់លោក Leonardo Vitorino នោះដែរលោក ប្រាក់ សុវណ្ណរ៉ា គ្រូបង្គោលក្លិបបាល់ទាត់បឹងកេតអង្គរបានសុំទោសនិងទទួលស្គាល់នូវអ្វី ដែលកូនក្រុមរបស់លោកបានរងបរាជ័យ ក្នុងការប្រកួតដណ្តើមកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club ដោយហេតុផលកីឡាកររបស់លោករបួស ច្រើន ។
លោកបានបន្តទៀតថា “ខ្ញុំសុំទោសដល់ អ្នកគាំទ្របឹងកេតអង្គរទាំងអស់ដែលក្រុមបរាជ័យរហូតលទ្ធផល៣ទល់សូន្យគឺជាការ ប្រកួតក្នុងទឹកដីរបស់ខ្លួនឯងលើកនេះបែរជាជួបរឿងស៊យច្រើនព្រោះកីឡាករជាច្រើន បានរងរបួសធ្ងន់មិនទាន់បានជាសះស្បើយ មកធម្មតាវិញបានសម្រាប់ការប្រកួតជា មួយឡាវដើម្បីដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Toyota Mekong Club នេះ ” ៕
ដោយ៖ សារីម