ខេត្តប៉ៃលិន ៖ រាល់ថ្ងៃគេឃើញមានក្រុមរថយន្តរបស់អាជីវករ ,តាក់ស៊ី ,ម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានដាក់ពង្រាយ ដោយគ្មានសណ្ដាប់ធ្នាប់ បង្កភាពអាណាធិបតេយ្យ តាមបណ្ដោយផ្លូវកៅស៊ូមួយខ្សែរ ចំហៀងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ីត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរធ្វើការរិះគន់ ព្រមទាំងឲ្យអាជ្ញាធរក្រុងប៉ៃលិន មេត្តាចុះពិនិត្យមើល និងចាត់វិធានការផង ព្រោះកន្លងមកពុំឃើញមានមន្ត្រីណានិងអាជា្ញធរក្រុងប៉ៃលិន ឬ អស់លោកណាមួយបើកភ្នែកមើលឡើយ ។
នេះបើតាមការលើកឡើង របស់ភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរឆ្លងកាត់ តាមផ្លូវជាតិនិងផ្លូវលំជាពិសេសនៅតាមទីផ្សារ ដូចជានៅ ព្រឹកថៃ្ងទី២ ខែមករា ឆ្នាំ២០១៧ នេះសុំឲ្យនគរវត្តផ្សព្វផ្សាយពីដល់អាជ្ញាធរក្រុងនិងមន្ត្រីសមត្តកិច្ចជំនាញឲ្យបានដឹងផងទាន។
តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរឆ្លងកាត់ និងក្រុមអ្នកទេសចរណ៍បានអោយដឹងថា៖ ពួកគេឃើញវត្តមានក្រុមរថយន្តរបស់អាជីវករ ,ក្រុមរថយន្តតាក់ស៊ី, ម៉ូតូសណ្តោងរ៉ឺម៉ក កំពុងមានវត្តមាន រៀងរាល់ថ្ងៃ កណ្តាលផ្លូវសាធារណៈ ហាក់បីដូចជាពុំដឹងពីច្បាប់ចរាចរណ៏ និងមិនខ្លាចអាជ្ញាធរដែនដីនោះឡើយ ។
ប្រភពព័ត៌មាន បានបន្តទៀតថា៖ ការបង្កភាពអនាធិបតេយ្យ ដោយគ្មានសណ្ដាប់ធ្នាប់យ៉ាងនេះ បានធ្វើឲ្យពួកគាត់រិះគន់យ៉ាងខ្លាំង ចំពោះអាជ្ញាធរក្រុងប៉ៃលិន ព្រមទាំងសមត្ថកិច្ចចរាចរណ៏ ដែលមិនចេះអើពើពីទង្វើ របស់ជនអគតិមិនយល់ពីច្បាប់មួយក្តាប់តូចនេះ ហើយវាក៏ជាបញ្ហាការកកស្ទុះចរាចរណ៏ និងងាយបង្កគ្រោះថ្នាក់ចរាចរណ៏ ព្រោះកន្លងមកនៅចំណុចខាងលើនេះ ក៏ធ្លាប់កើតមានគ្រោះថ្នាក់ចរាចរណ៏ម្តងទៅពីរដងរួចមកហើយ ។
តាមប្រភពព័ត៌មានបញ្ជាក់ថា៖ ពួកគាត់មិនចង់ឃើញភាពអាណាធិបតេយ្យរបស់ក្រុមរថយន្តអាជីករ, អ្នករត់តាក់ស៊ី និងម៉ូតូសណ្តោងរ៉ឺម៉ក មានវត្តមានបន្សាំភែ្នកពួកគេដដែលៗនោះឡើយ ពួកគាត់ទាមទារយ៉ាង ទទួចចង់អោយរដ្ឋបាលក្រុង រៀបចំក្រុមនេះ កែលំអរសណ្ដាប់ធ្នាប់ក្រុង ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត សេវាល្អតាមពាក្យស្លោកក្រសួងទេសចរណ៍ផងដែរ ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន បានឲ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៩និង៤៤នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ថា៖ បញ្ហានេះលោកបានបញ្ជាក់យ៉ាងខ្លីថា មិនបានដឹងនោះទេ ហើយលោកនឹងប្រាប់ក្រុមការងារ ព្រមទាំងសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល ទីនោះផងកំពង់កកស្ទះជារៀងរាថ្ងៃ៕ ស សារ៉េត