ខេត្តកំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនបុរសជាប្តីលួចលាក់របស់ស្ត្រីរងគ្រោះខាងលើទៅតុលាការបន្ទាប់ពីឃាត់ខ្លួនសង្ស័យវាយសម្លាប់មិនដឹងមូលហេតុ ប៉ុន្តែបុរសខាងលើមិនបានសារភាពរឿងវាយសម្លាប់ប្រពន្ធចុងនោះទេ។
ការបញ្ជូនបុរសសង្ស័យវាយសម្លាប់ប្រពន្ធចុងនេះកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ដែលជនសង្ស័យបន្ទាប់ពីឃាត់ខ្លួនបាន១ថ្ងៃ ។
លោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាននិយាយអោយដឹងថាបុរសសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះមុក ឈឿន អាយុ៦៤ឆ្នាំមុខរបរធ្វើស្រែ រស់នៅក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់បុរសសង្ស័យខាងលើបាននិយាយអោយដឹងថា រូបគេមិនបានសម្លាប់ស្ត្រីជាប្រពន្ធចុងនោះទេ ធ្លាប់បានជាប្តីប្រពន្ធលួចលាក់បាន៣ឆ្នាំតែងតែចេញចូលរស់នៅជាមួយគ្នាមែនប៉ុន្តែនៅយប់កើតហេតុរូបគាត់បានដេកនៅផ្ទះរបស់កូនក្នុងភូមិកើតហេតុដែលប៉ុន្តែមិនបានវាយសម្លាប់ដូចការចោទរបស់សមត្ថកិច្ចនោះទេ។បើទោះជាបុរសសង្ស័យមិនសារភាពអំពីទោសកំហុសក៏ដោយក៏តុលាការបញ្ជូនទៅពន្ធនាគារខេត្តដើម្បីឃុំខ្លួន ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅមានករណីស្ត្រីម្នាក់ត្រូវបានជនដៃដល់បានវាយសម្លាប់ដោយចបជីកបណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុកឈាម នៅក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនៅក្នុងផ្ទះតែម្នាក់ឯង៕
ដោយ៖ សេនាស័ក្តិ