ខេត្តពោធិ៍សាត់ ៖ ស្នូរផ្ទុះអាវុធមួយប្រាវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈ កម្លាំងចម្រុះរួមមានផ្នែករដ្ឋបាលជលផល ក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង យោធាសឹករងខេត្តពោធិ៍សាត់ រួមសហការ គ្នាចេញល្បាតក្នុងតំបន់អភិរក្សជលផល (កំពង់ប្រាក់) ហើយប្រទះឃើញមានគេ លួចចូលនេសាទ ដោយប្រើប្រាស់ឧបករណ៍អួនអូសទឹកសាបក្នុងតំបន់ អភិរក្សនេះ ។
ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ឈានដល់ផ្ទុះអាវុធខាងលើនេះកើតឡើង កាលពីវេលាម៉ោង៣និង១៦នាទីរំលង ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ក្នុងចំណុច អភិរក្សជលផល (កំពង់ប្រាក់) ស្ថិត ក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ក្នុងកិច្ចប្រតិបត្តិការនេះលោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ឲ្យដឹងថា យុទ្ធនាការបង្រ្កាបបទល្មើស នេសាទនេះ ខណៈដែលកម្លាំងកំពុងចេញ ល្បាតយាមកាមការពារ កន្លែងអភិរក្ស ជលផល(កំពង់ប្រាក់) គ្រានោះក៏ប្រទះ ឃើញជនមួយក្រុមកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ប្រភេទ អួនអូសទឹកសាបហើយពេលនោះកម្លាំង ក៏បានបង្រ្កាបយ៉ាងប៉ផាប់ចាប់ពភីងធ្វើឲ្យជន ល្មើសរត់គេចខ្លួន ចោលទូកបាឡាឈើ ប្រវែង៨,៥០ម៉ែត្រ ទទឹងប្រវែង១,២០ ម៉ែត្រ ជម្រៅ១ម៉ែត្រ , ភ្ជាមដោយម៉ាស៊ីន ម៉ាក(នីសាន់)កម្លាំង ១៨០សេះចំនួន១ គ្រឿង អួនអូសទឹកសាបមុខ ទទឹងប្រវែង ៣០ម៉ែត្រ បណ្ដោយប្រវែង ២៥ម៉ែត្រ, ក្រឡា០,០២ដល់០,០៤ មិល្លីម៉ែត្រ១វង់ , ខ្សែសម្រាប់អូសទាញប្រវែង១០០ម៉ែត្រ. ពូថៅ១ , កាំបិតចំនួន១ , ត្រីចម្រុះទម្ងន់ចំនួន ៤៥គីឡូក្រាម ។ ចំណែកជនល្មើសបានហក់ចូលទឹករួចមានកាណូតបក្ខពួកមួយគ្រឿងផ្សេងទៀតមករំដោះដឹកបើកគេច ខ្លួនបាត់ស្រមោល ។
លោកនាយសង្កាត់បន្តទៀតថា វត្ថុតាង បានយកមករក្សាទុកនៅសង្កាត់រដ្ឋបាល ជលផលកំពង់ហ្លួង ដើម្បីចាត់ការតាមនីតិវិធី ៕ ប៉ឹម ពិន