ខេត្តរតនគិរី ៖ ក្រមុំនៅខេត្តរតនគិរី ម្នាក់ទំនងជាលង់ស្នេហ៍តាមហ្វេសប៊ុកជាមួយនឹងកំលោះជាងដែកនៅខេត្តកំពង់ស្ពឺ រហូតដល់នាងម្នាក់នេះបង្ខំចិត្តចុះចោលផ្ទះមករស់នៅជាមួយនឹងកំលោះជាងដែកនៅឯខេត្តកំពង់ស្ពឺអស់រយៈពេលជាច្រើនខែ ហើយត្រូវបានអាណាព្យាបាលខាងស្រីជ្រួលច្របល់ប្តឹងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនខាងប្រុសបញ្ជូនទៅសួរនាំនៅឯខេត្តរតនគិរី ។
លោក ឃឹម ចាន់ពិសី ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានប្រាប់អ្នកយកព័ត៌មាននគរដ្រេហ្គនតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ថា ពិតជាមានករណីកូនក្រមុំ អ្នកខេត្តរតនគិរីចេញពីផ្ទះទៅជួបកំលោះនៅឯខេត្តកំពង់ស្ពឺនោះមែន ហើយពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកខេត្តរតនគិរី តែមិនទាន់មកដល់នៅឡើយទេនៅរសៀលថ្ងៃទី៤ ខែមករានេះ។
លោកមិនបានលម្អិតពីករណីកូនក្រមុំអ្នកស្រុកចុះចោលផ្ទះទៅលង់ស្នេហ៍ជាមួយកំលោះនៅឯខេត្តកំពង់ស្ពឺនេះទេ តែលោកបញ្ជាក់ថា ការឃាត់ខ្លួនកំលោះខេត្តកំពង់ស្ពឺជាមួយកូនក្រមុំអ្នកខេត្តរតនគិរីបញ្ជូនមកខេត្តរតន គិរីនេះ គឺសមត្ថកិច្ចរបស់លោកបានសហការជាមួយនឹងនគរបាលការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តកំពង់ស្ពឺក្រោយពីបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលនារីដែលចេញពីផ្ទះទៅនៅខេត្តកំពង់ស្ពឺ ប៉ុណ្ណោះ ។
លោកបន្ថែមថា ករណីនេះនៅពេល បញ្ជូនជនសង្ស័យមកដល់ ហើយសួរនាំយ៉ាងណានោះរឿងហេតុនឹងប្រាប់នៅពេលក្រោយតែពេលនេះមិនអាចទាន់ប្រាប់ បានទេ ។
ដោយឡែកតាមមន្រ្តីនគរបាលការ រិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តកំពង់ស្ពឺឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានសហការជាមួយនគរបាលខេត្តរតនគិរីឃាត់ខ្លួនយុវជនម្នាក់នៅភូមិរោងគោ ឃុំ យុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះផល ដាណៃ អាយុ១៧ឆ្នាំ មានមុខ របរជាជាងផ្សារដែកមានទីលំនៅភូមិរោង គោ ឃុំយុទ្ធសាមគ្គី ដែលការឃាត់ខ្លួនជន សង្ស័យនេះនៅគ្រាដែលមានវត្តមាននាងក្រមុំ ខេត្តរតនគិរីឈ្មោះ តាំង សុផាន់ម៉ៃ អាយុ១៦ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ លេខ១ ក្រុងបានលុង ខេត្តរតនគិរីនៅជាមួយនឹងកំលោះខេត្តកំពង់ស្ពឺនោះដែរ ។
មន្រ្តីដដែលបានបន្តថា នាងក្រមុំខេត្ត រតនគិរីបានអះអាងថានាងសុខចិត្តស្លាប់បើមិនបានយុវជន ផល ដាណៃ ធ្វើជាគូ អនាគតនោះទេ ។
នាង តាំង សុផាន់ម៉ៃ បានឲ្យដឹងដែរថា នាងបានស្រឡាញ់គ្នាជាមួយ ផល ដាណៃ អស់រយៈពេល៥-៦ខែមកហើយ ចាប់តាំងពី ខែកក្កដា ឆ្នាំ២០១៦មកម៉្លេះ ហើយបានរស់នៅជាមួយគ្នាដូចជីវិតតែមួយទៅហើយ ។
ទាក់ទិននឹងករណីក្រមុំខេត្តរតនគិរីប្តូរផ្តាច់នឹងកំលោះខេត្តកំពង់ស្ពឺ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចខេត្តកំពង់ស្ពឺ មិនបានលម្អិតរឿងហេតុទេ តែសមត្ថកិច្ច នគរបាលខេត្តកំពង់ស្ពឺគ្រាន់តែសហការជាមួយនគរបាលខេត្តរតនគិរី ហើយក្រោយពីឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលខេត្ត រតនគិរីតែប៉ុណ្ណោះ ។
បើទោះបីជាមិនមានប្រភពព័ត៌មាន លម្អិតពីដំណើរដើមទងនាំឲ្យក្រមុំខេត្តរតនគិរីសុខចិត្តចុះចេញពីផ្ទះក្បត់ប្រពៃណីមិន បានសងគុណឪពុកម្តាយយ៉ាងណាក្តីត្រូវ បានគេសន្និដ្ឋានថា ការជួបគ្នារវាងកំលោះខេត្តកំពង់ស្ពឺ នឹងក្រមុំខេត្តរតនគិរីនេះផ្តើមជាស្នេហ៍ក្តៅគគុកឡើងអាចតាមរយៈហ្វេសប៊ុក ។
បើតាមអ្នកច្បាប់១រូបបានលើកឡើង ថា កំលោះជាងដែក អាចត្រូវជាប់ចោទពីបទលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុរៀប អាពាហ៏ពិពាហ៏ តែយ៉ាងណាក៏ដោយអង្ករក្លាយជាបាយទៅហើយ ដូច្នេះអាណាព្យាបាលទាំងសងខាងគួរត្រៀមគោ ក្របី ជ្រូក មាន់ ទាធ្វើម្ហូបផ្សំផ្គុំពួកគេទាំង២ជាប្តីប្រពន្ធទៅហោង។ ប្រសិនបើតាមការអះអាងពីក្រមុំខេត្តរតនគិរី អាចនឹងមានរឿងអាក្រក់ កើតឡើងបើអាណាព្យាបាលបំបែកបំបាក់ពួកគេនោះ ៕ លីហាង