ភ្នំពេញ៖ តារាសម្តែង និងពិធីករ ហេង ពីសិដ្ឋ បានត្រៀមខ្លួនជាស្រេចក្នុងការចូលរោងការជាមួយនឹងកូនស្រីមន្ត្រីគយដ៏ស្រស់សោភាម្នាក់នៅថ្ងៃទី៤ខែមករានេះនៅមជ្ឈមណ្ឌលកោះពេជ្រអគារK ដែលភ្ញៀវភាគច្រើនជាអ្នកជំនួញ និងមន្ត្រីមានមុខមាត់ខ្ពស់ក្នុងជួររដ្ឋាភិបាល។ ក្រោយរៀបការតារាសម្តែងរូបនេះនឹងដឹកដៃភរិយាចេញទៅក្រេបទឹកឃ្មុំនៅលើដែនកោះម៉ាល់ឌីវ ( Maldives Islands )ដែលជាទីកន្លែងគូស្នេហ៍នៅលើពិភពលោកប្រាថ្នាចង់ទៅ។
កោះម៉ាល់ឌីវ ស្ថិតនៅភាគនិរតី នៃប្រទេសឥណ្ឌា និងស្រីលង្កានៅក្នុងសមុទ្រ Laccadive គឺជាមុខព្រួញ របស់គួរស្នេហាជាច្រើននៅក្នុងពិភពលោកសម្រាប់ដំណើរទស្សនកិច្ច ក្រេបទឹកឃ្មុំ(Honeymoon) របស់ពួកគេ ។ អ្នកសិល្បៈខ្មែរមិនច្រើនទេដែលបានចេញដំណើរទៅក្រេបចន្ទទឹកឃ្មុំដែលកន្លងទៅគេបានឃើញតារាសម្តែង គឹម សីហា និងអ្នកនាងគង់ ចាន់ស្រីមុំ ដែលបានទៅដល់ទីនោះ។ លោកហេង ពិសិដ្ឋបញ្ជាក់ថា ការជ្រើសរើសទីកន្លែងនោះជាកន្លែងក្រេបទឹកឃ្មុំព្រោះលោកនិងភរិយាចង់លំហែអារម្មណ៍ និងចង់ទៅទីកន្លែងដែលមានទេសភាពស្រស់ស្អាត ដែលជាចំណងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។ លោកថា នឹងចេញដំណើរក្នុងពេលឆាប់ៗនេះព្រោះតែមិនចង់អូសបន្លាយពេលច្រើនខណៈដែលលោកមានការងារច្រើនត្រូវបំពេញ។ លោកបន្តដែរថា ក្រោយរៀបការលោកនិងភរិយាសម្រេចចិត្តទទួលយកកំណើតកូនភ្លាមៗហើយក៏នឹងសម្រេចចិត្តបើកមុខជំនួញផ្ទាល់ខ្លួនថ្មីសម្រាប់កសាងអនាគតក្រុមគ្រួសារដែរ ហើយលោកនៅតែបន្តការងារសិល្បៈដដែលប្រសិនបើអាចឆ្លៀតពេលបាន។
គួរបញ្ជាក់ដែរថា ភរិយារបស់លោក ហេង ពិសិដ្ឋ ឈ្មោះណយ ម៉េងចាន់លាភ ដែលមានវ័យ២៣ឆ្នាំគឺជាកូនស្រីអតីតមន្ត្រីគយនាតំបន់ព្រំដែនម្នាក់។ ការរៀបការនេះ ក្រោយស្វែងយល់ចិត្តគ្នាជាយូរមកហើយ និងបន្ទាប់ពីមានការណែនាំពីចាស់ទុំ។ មិនមានអ្នកសិល្បៈច្រើនចូលរួមដូចកម្មវិធីសិល្បៈដទៃទេខណៈដែលភ្ញៀវខាងម្តាយក្មេកលោកមានចំនួនច្រើនលើសលប់ ។ តារាសម្តែងវ័យ២៨ឆ្នាំរូបនេះលើកឡើងដែរថា ការងារជាអ្នកគ្រប់គ្រងទូទៅនៅហាងការ៉េម TOTOគឺលោកនៅតែបន្តធ្វើដដែលហើយសម្រាប់ការងារសិល្បៈក៏លោកមិនបញ្ចប់ដែរ ហើយក្រោយពេលរៀបការលោកនឹងចូលថតខ្សែភាពយន្តថ្មីមួយផងដែរ ៕
ដោយ៖ វឌ្ឍនា