ក្រុមតោខៀវ Chelsea មិនអាចបំបែក កំណត់ត្រាឈ្នះ១៤ប្រកួតជាប់គ្នាឡើយដោយបានបរាជ័យនៅក្នុងទឹកដីមាន់ខ្នាយមាស Tottenham Hotspur កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ។
Chelsea បានឈ្នះ១៣ប្រកួតជាប់ៗគ្នា និងកំពុងឈរកំពូលតារាង ប៉ុន្តែពួកគេបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាសដោយលទ្ធផល 2-0 នៅកីឡដ្ឋាន White Hart Lane។ ខ្សែបម្រើ Dele Alli រកគ្រាប់នាំមុខនៅនាទី៤៥+១ ដោយតែត បាល់បញ្ចូលទីបន្ទាប់ពី Christian Eriksen លើកបាល់ឲ្យ។ លុះមកដល់តង់ទី២នាទី៥៤ ខ្សែបម្រើជម្រើសជាតិអង់គ្លេសដដែលបានតែតគ្រាប់បាល់ទី២ដែលជាការបញ្ជូនពី កីឡាករ Eriksen ដដែល ។
បន្ទាប់ពីទទួលបានជ័យជម្នះ Spurs ហក់ទៅឈរនៅលេខ៣តាមពីក្រោយក្រុមតោខៀវ៧ពិន្ទុ ហើយ Chelsea នៅតែឈរ កំពូលតារាងដោយមាន៤៩ពិន្ទុនាំមុខក្រុមលេខ២ Liverpool ចំនួន៥ពិន្ទុ ។
លោក Antonio Conte គ្រូបង្វឹកសញ្ជាតិអុីតាលីរបស់ក្លិបតោខៀវបានប្រាប់ឲ្យកូនក្រុមរបស់គាត់ទទួលស្គាល់នូវបរាជ័យនេះដោយក្លិប Spurs គឺជាក្រុមលេងល្អមួយ នៅតំបន់អឺរ៉ុប ហើយរក្សាអារម្មណ៍ល្អដើម្បីបន្តដណ្តើមជើងឯកអង់គ្លេស Premier League ។
លោក Conteបាននិយាយប្រាប់ Sky Sports ថា “ខ្ញុំបានដឹងជាមុនហើយថាបរាជ័យនឹងកើតឡើងពេលប៉ះក្រុម Tottenham។ ពួកគេគឺជាក្រុមល្អហើយខ្លាំង ខ្ញុំដឹង ច្បាស់ថាពួកគេនឹងព្យាយាមប្រកួតដើម្បីដណ្តើមជើង ឯកពីយើង៕
ដោយ៖ ដេវីត