ប្រជាពលរដ្ឋនាំគ្នាវាយកម្ទេចរថយន្តCRV និងវាយម្ចាស់ឲ្យរបួស ខណៈបើករថយន្តបង្កគ្រោះថ្នាក់មិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំបើករថយន្តបុកម៉ូតូMSXពីក្រោយបណ្ដាលឲ្យខូចខាត រួចបើករត់ទាំងម៉ូតូជាប់នៅពីក្រោម ធ្វើឲ្យប្រជាពលរដ្ឋឃើញដូច្នេះនាំគ្នាដេញតាម ហើយខឹងវាយទាំងម្ចាស់និងរថយន្តបង្ក។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ហើយរថយន្តបង្កបានបន្តបើករត់ទៅដល់ស្ថានីយ៍ប្រេងសូគីមុិច ជាប់ផ្លូវជាតិលេខ២កែងនិងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមសម្ដីយុវជន៣នាក់ដែលជាជនរងគ្រោះបានរៀបរាបប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់បានចេញពីធ្វើការនៅម្ដុំវិមានឯករាជ្យ ដោយជិះម៉ូតូម៉ាកMSX ឌុបគ្នាតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តបង្កម៉ាកCRV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-6958 ដែលបើកបរដោយបុរសម្នាក់ស្រវឹងស្រាឡើងជោក បើកមកបុកម៉ូតូចំពីក្រោយបណ្ដាលឲ្យដួលនិងរងរបួសស្រាល ។

ជនរងគ្រោះបានបន្តថា ក្រោយពីកើតហេតុរួចម្ចាស់រថយន្តបង្កបានបន្តបើករត់ទាំងម៉ូតូនៅជាប់ក្រោមរថយន្ត តាំងពីផ្លូវម៉ៅសេទុង រហូតមកដល់ស្ថានីយ៍ប្រេងសូគីមុិច ស្ពានអាកាសក្បាលថ្នល់ ទើបប្រជាពលរដ្ឋដេញស្ទាក់ឃាត់ជាប់ និងបាននាំគ្នាយកដុំថ្មវាយបំបែកកញ្ចក់រថយន្តទាំងមុខនិងក្រោយបណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង រួមទាំងវាយម្ចាស់រថយន្តបង្កឲ្យរងរបួសថែមទៀត តែសំណាងល្អត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ទាន់ពេលវេលា និងបាននាំម្ចាស់រថយន្តបង្កមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ មិនដូច្នេះទេម្ចាស់រថយន្តបង្កក៏ត្រូវប្រជាពលរដ្ឋវាយឲ្យរងរបួសធ្ងន់ផងដែរ៕

jim-4 jim-2 jim-5 jim-3 jim-1 jim-6jim-4 jim-2 jim-5 jim-3 jim-1 jim-6

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print