មន្ត្រីរាជការមន្ទីរអប់រំ យុជន និងកីឡាខេត្តព្រៃវែង ពេលជិតដល់ពេលចូលនិវត្តន៍ ស្រាប់តែលោក ហ៊ឹម សុផល ខិតខំរកវិធីធ្វើយ៉ាងណាជួយឲ្យបក្ខពួកនិងកូនក្មួយរបស់ខ្លួនទទួលបានតំណែងជាប្រធានការិយាល័យ និងជាអនុប្រធានការិយាល័យនៅក្នុង មន្ទីរយ៉ាងប្រសេចប្រសាច។ ប្រភពបានឲ្យដឹងទៀតថា នៅប្រមាណ៣សប្តាហ៍ទៀត លោក ហ៊ឹម សុផល ត្រូវចូលនិវត្តន៍ហើយ ។
សកម្មភាពរបស់លោក ហ៊ឹម សុផល មួយរយៈពេលកន្លងទៅនេះបានធ្វើឲ្យមាន ការរិះគន់យ៉ាងខ្លាំងពីសំណាក់មន្ត្រីរាជការភាគច្រើននៅក្នុងមន្ទីរអប់រំ យុវជន និង កីឡាខេត្តព្រៃវែង។ មន្ត្រីរាជការទាំងនោះបានឲ្យដឹងទៀតថា លោក ហ៊ឹម សុផល បាន រៀបចំផ្ទេរតំណែងឲ្យកូនក្មួយនៅក្នុងមន្ទីរ ដោយរៀបចំដាក់តាមប្រអប់សំខាន់ៗនៃការិយាល័យមួយចំនួនតាមអំពើចិត្ត។ ទង្វើរបស់លោក ហ៊ឹម សុផល កំពុងធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍មន្ត្រីដែលបម្រើការងារក្នុងមន្ទីរនេះរាប់សិបឆ្នាំមកហើយតែមិនទទួល បានតួនាទីសមរម្យនៅឡើយ។
តាមការអះអាងរបស់មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងបានឲ្យ ដឹងថា តាមច្បាប់ការផ្ទេរឬប្តូរតំណែងក្នុងខេត្តឬក្រៅខេត្តគឺគេធ្វើនៅអំឡុងខែកក្កដាឬនៅខែសីហា ប៉ុន្តែឥឡូវនេះបែរជាលោក ហ៊ឹម សុផល ធ្វើឲ្យមានរឿងច្របូកច្របល់ ពេញក្នុងមន្ទីរអប់រំខេត្តព្រៃវែងទៅហើយ។ ក្នុងនោះការផ្តល់តំណែងឬតែងតាំងមន្ត្រីសម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងគួរធ្វើដោយផ្អែកលើសមត្ថភាព និង អតីតភាពការងារមិនមែនចាត់តាំងតែបក្ខពួកនិងកូនក្មួយខ្លួនឯងដូចដែលលោក ហ៊ឹម សុផល កំពុងធ្វើទាំងបំពាននោះឡើយ ៕