ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន៤នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀងបង្រ្កាបចាប់ឃាត់ខ្លួនខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជាមួយនិងការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចឆែកឆេរ រកឃើញថ្នាំញៀនមេតំហ្វេតាមីនwy ចំនួន១០៤គ្រាប់ និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ការបង្រ្កាបជនសង្ស័យគ្រឿងញៀននោះដែរ ក្រោយពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកកិច្ចប្រជុំនិងដាក់ផែនការដល់កងកម្លាំងអាវុធហត្ថគ្រប់ផ្នែកនិងជំនាញក្រោមឳវាទទាំងអស់ ត្រូវអនុវត្តកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមគោលការណ៍នៃការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាទៅលើវិធានការបង្រ្កាប គ្រឿងញៀនលក្ខណៈទ្រង់ទ្រាយធំទូទាំងប្រទេសឲ្យទទួលបានជោគជ័យ។
ជនសង្ស័យគ្រឿងញៀនទាំង៤នាក់ ត្រូវបានអាវុធហត្ថស្រុកកំរៀងបង្ហាញអត្តសញ្ញាណឲ្យដឹងថា ទី១,ឈ្មោះស៊ូ ខឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ទី២,ឈ្មោះម៉ែន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ទី៣,ឈ្មោះឈុន សុភាព ភេទប្រុស អាយុ៣២ឆ្នាំ ប្រកបមុខរបរកម្មករ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នាក់នៅបណ្តោះអាសន្ននៅស្រុកកំរៀង និងទី៤,ឈ្មោះវ៉ាន់ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកគំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យគ្រឿងញៀនទាំង៤នាក់ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំរៀង ចាប់បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕
ដោយ៖ សំ វិច្ឆិកា