ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅឃាត់បុរសមេការសំណង់ម្នាក់តាមពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ ដោយបាន ចោទប្រកាន់ថា បានបោកយកលុយ២ពាន់ដុល្លារ មានកិច្ចសន្យាព្រមព្រៀង ថាធ្វើ ផ្ទះឲ្យ ហើយក្រោយពេលទទួលបានលុយដល់ដៃមិនព្រមធ្វើតាមកិច្ចសន្យានោះឡើយ ។
រយ:ពេល៩ថ្ងៃហើយមិនព្រមធ្វើ ទាល់តែសោះ លុះពេលជនរងគ្រោះសួរ នាំជននោះបែរជាទាមទារឲ្យកក់លុយ ចំនួន៥ពាន់ដុល្លារបន្ថែមទៀត ទើបព្រមធ្វើ ផ្ទះឲ្យ បើមិនដូច្នេះទេមិនធ្វើឡើយ ប៉ុន្តែ ជនរងគ្រោះមិនព្រម និងបានទាមទារយក លុយដែលខ្លួនកក់នោះមកវិញ និងឈប់ ឲ្យធ្វើតទៅទៀត ប៉ុន្តែមេការសំណង់នោះ មិនព្រមឲ្យលុយកក់ និងមិនព្រមធ្វើទៀត ទើបជនរងគ្រោះសម្រេចចិត្តប្ដឹងឲ្យនគរ បាលឃាត់ខ្លួននាំទៅកាន់ប៉ុស្ដិ៍ចោម ចៅតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើង កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជន សង្ស័យដែលជាមេការសំណង់នោះឈ្មោះ ស៊ី ថា អាយុប្រហែល៣០ឆ្នាំ មានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ចំណែកឯជនរង គ្រោះឈ្មោះ ខាន់ ស្រស់ ភេទស្រី អាយុ២៤ ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពី៩ថ្ងៃមុនម្ចាស់ផ្ទះបានទាក់ទងជាមួយជន សង្ស័យដើម្បីឲ្យជននោះធ្វើផ្ទះឲ្យ ហើយបាននិយាយត្រូវរ៉ូវគ្នាក្នុងតម្លៃ១៣,០០០ ដុល្លារ ហើយជនរងគ្រោះបានកក់លុយមុន ចំនួន២ពាន់ដុល្លារ ដោយជនកំហូចនោះ បានប្រាប់នាងម្ចាស់ផ្ទះថាចង់ធ្វើនៅថ្ងៃណាខលប្រាប់ខ្លួននឹងទៅធ្វើឲ្យ ។ ពេលនោះជនរងគ្រោះបានទៅមើលហោរាទស្សន៍ ទាយពីថ្ងៃល្អ ហើយគ្រូបានប្រាប់ថាថ្ងៃចន្ច គឺជាថ្ងៃល្អ ។ បន្ទាប់មកជនរងគ្រោះបានប្រាប់ឲ្យជននោះទៅធ្វើផ្ទះនៅថ្ងៃច័ន្ទទី២ ខែ មករា ឆ្នាំ២០១៧ ហើយជនខាងលើក៏ បានទៅ ប៉ុន្តែទើបតែកាប់រណ្ដៅបាន២ រណ្ដៅប៉ុណ្ណោះ ឯសម្ភារសំណង់ក៏មិនឃើញ ដឹកចូលទៅទីតាំងដែលត្រូវធ្វើដែរ ។ ជន ឆបោកខាងលើបានទាមទារឲ្យជនរងគ្រោះកក់លុយចំនួន៥ពាន់ដុល្លារបន្ថែមទៀត ទើបធ្វើឲ្យបើមិនដូច្នេះទេ លុយកក់២ពាន់ដុល្លារនោះនឹងត្រូវដាច់ ហើយខ្លួនក៏មិនធ្វើ ឲ្យដែរ ។
ដោយសារតែមើលឃើញពីទង្វើបោកស្រស់ៗពេកជនរងគ្រោះក៏បានប្ដឹងឲ្យនគរបាលចុះទៅឃាត់ខ្លួនតែម្ដង ហើយពេល ចុះទៅដល់ជននោះរួមទាំងសាច់ញាតិបាន ឡូឡាដាក់នគរបាល ព្រមទាំងចង្អុលមុខ និងនិយាយខ្លាំងៗដាក់នគរបាលថែមទៀតផង ដោយអាងមានបងប្រុសជាមន្ត្រីអាវុធហត្ថនៅពីក្រោយខ្នង ប៉ុន្តែដោយសារតែ ជននោះប្រព្រឹត្តល្មើសឆបោកអ្នកដទៃ ទើបនគរបាលបានជម្នះឃាត់ខ្លួនទាល់បាន រួចនាំទៅសាកសួរនៅប៉ុស្ដិ៍នគរបាល ចោមចៅ ៕ ហេង នរិន្ទ្រ