ថៃ ន​រពិ​ទូ និងភរិយា​ត្រូវ​ចាប់ខ្លួនពាក់​ពន្ធ័​ករណី​ជួញដូរ​ថ្នាំញៀន​ នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ អតីតតារាសម្តែងនិងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរពិទូ បានបង្កើតឲ្យមានាការភ្ញាក់ផ្អើលជាថ្មីក្រោយពីតារារូបនេះនិងបក្ខពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ខ្លួនព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពីលោកក៏មានភរិយាគឺអ្នកនាង អោក រតនះ ប៉ុណ្ណិកា និងបក្ខពួកមួយចំនួនទៀតផងដែរដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។

ការចាប់ខ្លួនតារាសម្តែង និងបក្ខពួកនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ ដឺសោន ហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានប្រើប្រាស់ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ មន្ត្រីសមត្ថកិច្ចខេត្ដបាត់ដំបងដឹកនាំដោយលោក ប៉ង់ ចាន់សុយុទ្ធារា បានចុះទៅបង្ក្រាបនិងបិទទីតាំងខាងលើភ្លាមៗផងដែរ។

លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាននិយាយឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងបង្ការបង្ក្រាបរួមនិងកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបករណីផ្តល់ទីកន្លែងឲ្យប្រើប្រាស់ រក្សាទុក និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចខារ៉ាអូខេ យីហោ ដឺសោន ហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លោកនិយាយទៀតថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះក្នុងបទល្មើសជាក់ស្ដែងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ដែលក្នុងនោះពិតជាមានតារាសម្តែង ថៃ នរៈពិទូពិតមែន។

យោងតាមរបាយការណ៍របស់មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ជនទាំង៦នាក់នោះរួមមានទី១ឈ្មោះ ហេង យូសុង ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះ ថៃ នរៈពិទូ ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិអូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី៣ឈ្មោះ ភា ប៊ុនហេង ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៤ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅក្រុងបាត់ដំបង។ទី៥ឈ្មោះ អោក រតនះ ប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទី៦ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។ ចំណែកឯវត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន (KETAMINEខេ )ចំនួន៣ថង់ទម្ងន់០,៨៨ក្រាម, ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២, ថ្នាំអំពូលDiazepamចំនួន២អំពូល, ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះ និងសម្ភារវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យពាក់ព័ន្ធខាងលើរួមនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកទីតាំងផ្តល់កន្លែងឲ្យប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវបានបិទទ្វារនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ។

នេះគឺជារឿងថ្មីដ៏ភ្ញាក់ផ្អើលបន្ទាប់ទៀតក្រោយពីតារាសម្តែងរូបនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីអំឡុងកក្កដាឆ្នាំ២០១៦ ក្រោយពីអតីតតារាសម្តែង និងជាFreshie Boy លោក ថៃ នរៈពិទូ ត្រូវបានម្ចាស់ហាងបញ្ចាំមួយនៅភ្នំពេញ ប្រកាសឲ្យចូលខ្លួនដោះស្រាយបញ្ហាលុយជាបន្ទាន់ ក្រោយពីអតីតតារាសម្តែងខាងលើខកខានក្នុងការយកលុយទៅបង់តាមការកំណត់៕

thai-norakpitu-3 thai-norakpitu-7 thai-norakpitu-2 thai-norakpitu-1 thai-norakpitu-6 thai-norakpitu-1 thai-norakpitu-4 thai-norakpitu-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print