ការវាយប្រហារតាមដែនអាកាសរបស់អាមេរិកដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ B52 ទៅលើខេត្ត Idlib នៅក្នុង ប្រទេសស៊ីរី សម្លាប់ពលរដ្ឋស្លូតត្រង់ ២០ នាក់។
អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីឧត្តមសេនីយ៏ Valery Gerasimov បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B 52 របស់អាមេរិកបានវាយប្រហារទៅលើខេត្ត Idlid ប្រទេស ស៊ីរី ដោយមិនបានផ្តល់ព័ត៌មានឲ្យរដ្ឋា ភិបាលទីក្រុងមូស្គូដឹងនោះឡើយហើយធ្វើឲ្យពលរដ្ឋស្លូតត្រង់ជាង២០នាក់ស្លាប់។
ឧត្តមសេនីយ៍ Valery បន្តទៀតថា ការវាយប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់យ៉ាងច្រើនបែបនេះ បញ្ជាក់យ៉ាងច្បាស់ថា សម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិក ក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម នៅស៊ីរីមិនទទួលបានលទ្ធផលល្អនោះ ឡើយ តែបែរជាធ្វើឲ្យចំនួនពលរដ្ឋស្លាប់ច្រើនទៅវិញ។
កាលពីឆ្នាំ២០១៦ យន្តហោះចម្បាំងសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកបានវាយប្រហារ៤លើក ប្រឆាំងទាហានរដ្ឋាភិបាល ស៊ីរី នៅជិតអាកាសយានដ្ឋានអន្តរជាតិ Deir Ez Zor សម្លាប់ទាហានស៊ីរី៦២នាក់ និងរបួសជាង១០០នាក់។ ប៉ុន្តែអាមេរិក បានបកស្រាយថា ការវាយប្រហារទាំងនោះគឺជាការច្រឡំស្មានថាក្រុម IS។ ចំណែករដ្ឋាភិបាលស៊ីរីវិញបានបញ្ជាក់ថា ជាការវាយប្រហារដោយចេតនាដើម្បី រារាំងការវាយប្រហារ។
ក្រុមអ្នកឯកទេសវិភាគស៊ីរីបានបញ្ជាក់ថា ការវាយប្រហាររបស់កម្លាំងទាហាន សម្ពន្ធមិត្តដឹកនាំដោយអាមេរិកមិនទទួលបានជោគជ័យនោះឡើយ ផ្ទុយពីការវាយប្រហាររបស់រុស្ស៊ីទៅលើក្រុម IS។ រុស្ស៊ី ទទួលបានជោគជ័យជាបន្តបន្ទាប់ដោយ ជួយឲ្យទាហានស៊ីរីដណ្តើមបានទីតាំងជាច្រើន ហើយកាត់បន្ថយការខូចខាតទាំងទ្រព្យសម្បត្តិ និងអាយុជីវិតពលរដ្ឋស្លូតត្រង់ទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី