ខេត្តកំពង់ស្ពឺ ៖ របងផ្ទះរបស់អ្នកភូមិត្រូវបាក់ខ្ទេចដោយសារតែបុរសម្នាក់បើករថយន្តទាំងងងុយដេកបុករះ កាលពីវេលាម៉ោង១២និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនបង្កឈ្មោះ អឿន សុភ័ក្ត្រ អាយុ២៦ឆ្នាំ បានរងរបួសបាក់ឆ្អឹងជំនីរ ។ សមត្ថកិច្ចបន្តថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3C-4707 បើកក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកងងុយដេកពេក ក៏ងោក១ភាំងបណ្តាលឲ្យរថយន្តរេចង្កូតទៅបុករះរបងផ្ទះរបស់អ្នកភូមិ ។
ជនបង្កដែលរងរបួសបាក់ឆ្អឹងជំនីរ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរ ។ ចំណែករថយន្តសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការនគបាលស្រុកសំរោងទង ដើម្បីដោះស្រាយតាមច្បាប់ ៕ ជាយក្រុង
...