ពិធីប្រកាសដាក់បញ្ជូលខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងប្រគល់ត្រាជាផ្លូវការជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ ខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលរយៈពេលជាច្រើនឆ្នាំកន្លងមកបានរស់នៅធ្វើការងារដោយឯករាជ្យ និងម្ចាស់ការដោយខ្លួនឯង ឥឡូវត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រកាសដាក់បញ្ចូលអោយស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រាជធានី។

សម្រាប់ខេត្តរតនគិរី ពិធីប្រកាសបញ្ជូលខណ្ឌទាំងពីរនិងប្រគល់ត្រាជាផ្លូវការត្រូវបានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហាស់ សារ៉េតរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។

បន្ទាប់ពីមតិស្វាគមន៍ពីសំណាក់លោកសយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការប្រគល់ត្រាជូនជាផ្លូវការរួមមក លោក ថង សាវុន និងលោក ហាស់ សារ៉េត បានថ្លែងថាពីមុនមន្ទីរកសិកម្មជាអង្គភាពខ្លួនមួយកន្ទុយពីរមានន័យថាខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលជាអង្គភាពដោយឡែក ហើយអនុវត្តការងារដោយម្ចាស់ការខ្លួនឯង តែពេលនេះគឺមករស់នៅក្រោមដំបូលតែមួយជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រកាសរបស់ក្រសួងដើម្បីអោយដំណើរការងារអនុវត្តទៅប្រកបដោយភាពរលូន។

ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ត្រូវបន្តខិតខំធ្វើការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពការកាប់រានដីព្រៃ ការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ បន្តសហការទំនាក់ទំនងអោយជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលក្នុងការផ្សព្វផ្សាយបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាលអោយបានដល់សហគមន៍មូលដ្ឋាន ដើម្បីយើងរួមគ្នាទប់ស្កាត់បង្ក្រាបរាល់បទល្មើសការកាប់ ការឈូសឆាយ និងការទន្ទ្រានដីព្រៃឈើរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ។

ជាពិសេសត្រូវមើលការខុសត្រូវអោយបានម៉ត់ចត់ នូវដីដែលបានដកហូតពីការទន្ទ្រានខុសច្បាប់កន្លងមកដើម្បីទុកជាប្រយោជន៍ សម្រាប់ធ្វើសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដ។

ទាក់ទងនិងការងារជលផលឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមរដ្ឋលេខាធិការបានស្នើអោយសមត្ថកិច្ចពាក់ព័ន្ធសូមចូលរួមសហការក្នុងការទប់ស្កាត់ និងបង្ក្រាបនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីរួមចំណែកក្នុងការការពារធនធានជលផលអោយមានសម្បូបែបឡើងវិញ៕ វុទ្ធឦសាន

...

IMG-20170113-WA0030 IMG-20170113-WA0023 IMG-20170113-WA0029 IMG-20170113-WA0026 IMG-20170113-WA0027

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print