ឈានដល់ដើមឆ្នាំ២០១៧ភ្លាមនាយជាលឃើញថា ចំណាត់ការរបស់រាជរដ្ឋាភិ បាល និងនៅស្ថាប័នក្រសួងមួយចំនួនហាក់ដូចជាមានការកែទម្រង់របៀបរបបធ្វើការងារច្រើនទៅតាមអ្វីដែលគេហៅថា «ដើម្បីកាត់បន្ថយពេលវេលានិងចំណាយថវិកា របស់ប្រជាពលរដ្ឋ » ។
ការធ្វើសមាហរណកម្មរបៀបរបបធ្វើការនេះប្រជាពលរដ្ឋនឹងសម្តែងការអបអរ សាទរប្រសិនបើធ្វើទៅបានជោគជ័យ តែបើមិនបានជោគជ័យទេច្បាស់ជាប្រជាពល រដ្ឋនាំគ្នាសើចមិនខាន ហើយការមិនជោគជ័យនេះមិនមែនកើតឡើងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះទេគឺវាស្តែងចេញពីថ្នាក់ក្រោមជាអ្នកអនុវត្តផ្ទាល់មិនគោរព និង អនុវត្តតាមថ្នាក់លើណែនាំ ។
ជាការកត់សម្គាល់របស់នាយជាលនៅដើមឆ្នាំ២០១៧នេះរាជរដ្ឋាភិបាលមានការកែសម្រួលការធ្វើបណ្ណបើកបរការមិនឲ្យយកលុយពីអ្នកលក់ដូរតាមកញ្រែ្ចង ល្អីនៅ ទីផ្សារ និងនៅពេលខាងមុខនេះមិនអនុញ្ញាតឲ្យយកលុយសម្រាប់ការធ្វើអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អាពាហ៍ ពិពាហ៍ និងសំបុត្រមរណភាពជាដើម។ ទាំងនេះសុទ្ធតែជាគន្លឹះការងារក្នុងមូលដ្ឋានសុទ្ធសាធ ហើយអ្នកអនុវត្តទៀតសោតមិនមែនជាមនុស្សមកពីថ្នាក់លើមកធ្វើផ្ទាល់ទេ គឺជាមន្រី្តមូលដ្ឋាននេះឯងជាអ្នកអនុវត្ត ដូច្នេះហើយត្រង់ថាជោគជ័យ ឬមិនជោគជ័យ គឺពួកគាត់នេះឯង ។
នាយជាលហាក់មានការបារម្ភទៅវិញខ្លាចមានរបាយការណ៍ទៅថ្នាក់លើសុទ្ធតែល្អគ្រប់១០ឯនៅថ្នាក់ក្រោមវិញកាន់តែស្អុយរលួយតាមរយៈយកដាវអាជ្ញាសឹកមកជន្ល ឲ្យហ្វូងក្អែកផ្អើល បានន័យថា ការណែនាំរបស់ថ្នាក់លើមានតែលើក្រដាស ហើយបើ គ្មានការត្រួតពិនិត្យទេ ថ្នាក់ក្រោមមិនឈឺក្បាលដោយសំអាងថាជារឿងកំប៉ិកកំប៉ុកមិនព្រមធ្វើតាមរឹតតែស៊ីលើសដើម?
បានជានាយជាលបារម្ភរឿងនេះ ព្រោះនៅពេលនេះនិងពេលទៅខាងមុខមានមន្រី្ត ថ្នាក់ក្រោមជាតិមួយចំនួនជាពិសេសថ្នាក់ ស្រុក ឃុំ ឬខណ្ឌសង្កាត់ អនុវត្តតាមការណែនាំពីថ្នាក់លើមិនបានទេ ដូចជាមិនអនុញ្ញាតឲ្យយកលុយពីអ្នកលក់ដូរតាមកញ្រែ្ចង ល្អី នៅទីផ្សារយកលុយសម្រាប់ការធ្វើអត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់ នៅ សៀវភៅគ្រួសារ សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម នោះដែលតាមជាលដឹងកន្លែង ខ្លះមិនត្រឹមតែមិនអនុវត្តតាមនោះទេគឺយកតម្លៃលើសដើម(ស៊ីលើសដើម) ជាពិសេសទាក់ទងការធ្វើលិខិតស្នាមបញ្ជាក់ពីមូលដ្ឋានដោយគេប្រើវិធីខ្សឹបខ្សៀវមិនឲ្យថ្នាក់លើដឹងដោយគេយកតម្លៃមួយគុណជាពីរអាចធ្វើបានលឿន តែបើគ្មានវិធីខ្សឹបខ្សៀវនេះទេគឺពិតជាត្រូវគេធ្វើតាមលំដាប់លំដោយឆ្លើយដាក់គ្នាពីមួយទៅមួយយកលេសអ៊ីចេះអ៊ីចុះ ហើយយ៉ាងតិចមួយអាទិត្យទើបស៊ីញ៉េរួច ។
ប្រសិនបើនៅតែយ៉ាងនេះដដែលមិនបាច់ថ្នាក់លើដាក់បញ្ជាមកថ្នាក់ក្រោមអនុវត្តទេ ព្រោះវាធ្វើឲ្យពលរដ្ឋកាន់តែខាតពេលនិងជួបលំបាកជាងមុនដដែល។ ដូច្នេះការធ្វើកំណែទម្រង់ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋត្រូវតែថ្នាក់លើតាមដានឲ្យជាប់លាប់បើពុំដូច្នោះទេ ថ្នាក់ក្រោមមិនឈឺក្បាលនឹងនៅតែធ្វើត្រីងៀតឆ្លៀតពងដដែលហ្នឹងឯង ៕ នាយជាល