កន្លងមកសារព័ត៌មានស៊ីអិនអិនបាន ផ្សាយថា មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហែកឃើររបស់ រុស្ស៊ីមិនត្រឹមតែវាយប្រហារការបោះឆ្នោតអាមេរិក និងគណបក្សប្រជាធិបតេយ្យនោះ ទេ សូម្បីតែលោក ដូណាល់ ត្រាំ ក៏រងការតាមដានពីក្រុមចារកម្មរុស្ស៊ីផងដែរ។
កន្លងមកមន្ត្រីចារកម្មអាមេរិកបានប្រគល់ របាយការណ៍ពាក់ព័ន្ធនឹងការជ្រៀតជ្រែក របស់រុស្ស៊ីដែលមានរហូតដល់ទៅ៣៥ទំព័រឲ្យលោក ដូណាល់ ត្រាំ។ ឯកសារទាំងនោះបានកត់ត្រាតាំងពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ត្រូវបានប្រមែប្រមូលអស់រយៈពេលជាច្រើនខែ និងសរសេរចងក្រងដោយអតីតភ្នាក់ងារប្រឆាំងចារកិច្ចជនជាតិអង់គ្លេសម្នាក់។ បន្ទាប់ពីឈប់ពីការងាររដ្ឋអតីតភ្នាក់ងារ ប្រឆាំងចារកិច្ចជនជាតិអង់គ្លេសរូបនោះ បានចូលបម្រើការងារក្នុងក្រុមហ៊ុនឯកជន និងត្រូវបានគូប្រជែងរបស់លោក ដូណាល់ ត្រាំ ក្នុងបក្សសាធារណរដ្ឋដូចគ្នាជួលឲ្យស៊ើបអង្កេតលើលោក ត្រាំ នៅក្នុងសម័យឃោសនាបោះឆ្នោតជ្រើសរើសបេក្ខជនប្រធា នាធិបតីនៅផ្ទៃក្នុងបក្ស។ បន្ទាប់មកវិធានការមួយនេះក៏ត្រូវបានប្រើដោយគណបក្ស ប្រជាធិបតេយ្យរបស់បេក្ខនារី គ្លីនតុន ដែរ។ ប៉ុន្តែអ្វីដែលពួកគេចង់ដឹងគឺទំនាក់ទំនង រវាងលោក ដូណាល់ ត្រាំ នឹងប្រទេសរុស្ស៊ី។
កន្លងមកគ្រប់គ្នាធ្លាប់ឮព័ត៌មានយ៉ាងច្រើនទាក់ទងនឹងការលូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ពិសេសការណ៍ដែលរុស្ស៊ីបានជួយឲ្យលោក ត្រាំ ជាប់ឆ្នោត។ តែខ្លឹមសារដែលមានសរសេរនៅឯកសារកម្រាស់៣៥ទំព័រនោះបាន ចង្អុលចំមុខលោកត្រាំពីបទបានរួមគំនិតជាមួយរុស្ស៊ីដើម្បីរារាំងកុំឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុនជាប់ឆ្នោត។ ពីដំបូងព័ត៌ មានជុំវិញឯកសារកម្រាស់៣៥ទំព័រនេះ ត្រូវបានលេចឮបណ្តើរៗ តែត្រូវបានបណ្តាញ ព័ត៌មាន Buzzfeed ចុះផ្សាយទាំងស្រុង នៅថ្ងៃពុធ ទី១១ មករានេះ បន្ទាប់ពីការផ្សព្វ ផ្សាយរបស់ទូរទស្សន៍ CNN នាថ្ងៃអង្គារ ទី ១០ មករា។
ខ្លឹមសារនៅក្នុងឯកសារនោះបានសរសេរច្បាស់ៗពីការដែលរុស្ស៊ីបានធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីជួយលោក ដូណាល់ ត្រាំ ឲ្យជាប់ឆ្នោត។ តែអ្វីដែលលោក ត្រាំ មិន បានដឹងខ្លួននោះគឺថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់រុស្ស៊ីបានលួចចម្លង និងថតទុកនូវ ព័ត៌មានគ្រប់យ៉ាងទាក់ទងនឹងជីវិតឯកជនរបស់លោក ត្រាំ និងទ្រព្យសម្បត្តិដែលលោក ត្រាំមាន។ ព័ត៌មានដ៏អាស្រូវជាងគេនោះ គឺរូបភាពវីដេអូអាសអាភាសដែលលោកត្រាំ មានជាមួយស្រ្តីពេស្យារុស្ស៊ីក្នុងពេលដែលលោក ត្រាំ ទៅលេងទីក្រុងមូស្គូ។ បន្ទាប់មកឯកសារក៏មានបង្កប់ដោយព័ត៌មានស្តីពីការដោះដូរព័ត៌មានសម្ងាត់រវាង ក្រុមការងាររបស់លោក ត្រាំ នឹងមន្រ្តីជាន់ខ្ពស់រុស្ស៊ីនៅសម័យឃោសនាបោះឆ្នោតអាមេរិកដែរ។
ក្រោយពេលសុន្ទរកថា Goodbye របស់លោកប្រធានាធិបតីផុតអាណត្តិបារ៉ាក់ អូបាម៉ា នាថ្ងៃអង្គារ ទី១០ ខែមករា លោក ប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ ចូលខ្លួនសម្តែងតួឯកដោយនៅថ្ងៃពុធ ទី១១ ខែមករាកន្លងមកនេះលោកបានរៀបចំធ្វើសន្និសីទកាសែតមួយនៅក្នុងអាគារ Trump Tower។ នេះជាសន្និសីទកាសែតផ្លូការលើក ទី១របស់លោកត្រាំគិតតាំងពីក្រោយការ បោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។
ប៉ុន្តែអ្វីជាការកត់សម្គាល់សន្និសីទលើក ទី១ របស់លោក ត្រាំ ពេលនេះបានធ្វើឡើង ចំពេលដែលមានធ្លាយចេញនូវឯកសារ ចំនួន៣៥ទំព័រដែលបង្កប់ដោយព័ត៌មាន សម្ងាត់មួយចំនួនរវាងលោក ត្រាំ នឹង ប្រទេសរុស្ស៊ី។
សន្និសីទកាសែតប្រចាំថ្ងៃរបស់លោកដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១១ មករាគ្រោង ធ្វើនៅវេលាម៉ោង១១ព្រឹកម៉ោងក្នុងទីក្រុងញូវយ៉កត្រូវជាម៉ោង១០យប់ម៉ោងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ចំណែកទីកន្លែងរៀបចំសន្និសីទ្ធកាសែតត្រូវរៀបចំនៅ ក្នុងអគារ Trump Tower ក្នុងទីក្រុងញូវ យ៉កដែលជាទីកន្លែងលោក ត្រាំ បានប្រកាស ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ តាម កម្មវិធីដែលបានគ្រោងទុកសន្និសីទកាសែត ផ្តោតសំខាន់លើកិច្ចការរបស់រដ្ឋដែលលោក ត្រាំ ត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ មករាខាងមុខ។
ក្រៅពីកិច្ចការរបស់រដ្ឋក៏នៅមានបញ្ហាបច្ចុប្បន្នភាពសំខាន់ៗជាច្រើននៅចំពោះមុខ និងចម្ងល់មួយចំនួនទៀតទាក់ទងនឹងកិច្ចការជំនួញផ្ទាល់ខ្លួនដែលលោក ដូណាល់ ត្រាំ ត្រូវធ្វើការពន្យល់បកស្រាយឲ្យបាន ច្បាស់លាស់។ ឧទាហរណ៍លោក ត្រាំ ត្រូវសម្រេចជាផ្លូវការលើសំណុំរឿងជំនួញផ្ទាល់ ខ្លួន ពិសេសជំនួញអចលនទ្រព្យដើម្បី បញ្ជៀសភាពច្របូកច្របល់គ្នារវាងកិច្ចការ ជំនួញផ្ទាល់ខ្លួននឹងកិច្ចការប្រទេសជាតិ។
បន្ទាប់មកលោក ត្រាំ ត្រូវបញ្ជាក់ពីហេតុ ផលដែលលោកបានតែងតាំងលោក Jared Kushner កូនប្រសាច្បងជាទីប្រឹក្សាជាន់ ខ្ពស់នៅសេតវិមាន។ ក៏ប៉ុន្តែសំណុំរឿងដែល បានក្លាយជាបច្ចុប្បន្នភាពក្តៅគគុកកំពុង បង្កឲ្យមានរឿងអាស្រូវខ្លាំង និងដែលបាន ធ្វើឲ្យលោក ដូណាល់ ត្រាំ កំពុងក្រពុល មុខជាងគេពេលនេះគឺទាក់ទងទៅនឹងការទម្លាយជាសាធារណៈនូវឯកសារកម្រាស់៣៥ទំព័រដែលនិយាយច្រើនពីទំនាក់ទំនង រវាងលោក ដូណាល់ ត្រាំ នឹងប្រទេសរុស្ស៊ី ពិសេសរវាងលោក ត្រាំ នឹងលោកប្រធា នាធិបតីរុស្ស៊ី ពូទីន ។
តិចឬច្រើនព័ត៌មាននៅក្នុងឯកសារនោះអាចនឹងបង្កឲ្យមានផលវិបាកនៅក្នុង ទំនាក់ទំនងរវាងអាមេរិករបស់លោក ដូណាល់ ត្រាំ នឹងរុស្ស៊ី។ គួរបញ្ជាក់ថា ឯកសារកម្រាស់៣៥ទំព័រកំពុងស្ថិតក្នុងដៃ ក្រសួងស៊ើបការណ៍សម្ងាត់អាមេរិក FBI ដែលត្រៀមបើកការស៊ើបអង្កេតស៊ីជម្រៅបន្ថែម។ កំណត់សម្គាល់មួយទៀត FBI បានសង្ខេបព័ត៌មាននៅក្នុងឯកសារនោះជា២ទំព័រ រួចបានផ្តល់ឲ្យលោក អូបាម៉ា និងលោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍ កន្លងទៅ។
ម្យ៉ាងទៀតព័ត៌មានសង្ខេបចំនួន២ទំព័រនេះក៏ត្រូវបាន FBI បញ្ជូនទៅឲ្យសភា និង ព្រឹទ្ធសភារួចរាល់ដែរ។ រហូតមកដល់ពេល នេះលោក ត្រាំ ដែលធ្លាប់បដិសេធពីការ លូកដៃរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោត អាមេរិកបានទទួលស្គាល់ថា រុស្ស៊ីពិតជាចោរអុីនធើណេតលើគណបក្សប្រជាធិប តេយ្យរបស់លោកស្រី គ្លីនតុន តែបន្តបដិ សេធថា រុស្ស៊ីមិនបានជួយលោកឲ្យជាប់ឆ្នោតទេ។ ចំណែករុស្ស៊ីបានបដិសេធយ៉ាង ដាច់អហង្ការជាថ្មីនៅថ្ងៃពុធ ទី១១ ខែមករា លើរាល់ការចោទប្រកាន់គ្រប់យ៉ាង។ ចំណែកក្រសួងស៊ើបការណ៍សម្ងាត់អាមេ រិកបានទាញសេចក្តីសន្និដ្ឋានថា ឯកសារ កម្រាស់៣៥ទំព័របានបង្ហាញច្បាស់ក្រឡែត ពីការដែលរុស្ស៊ីបានព្យាយាមយកព័ត៌មានពីបេក្ខជនប្រធាធិបតីអាមេរិកទាំងពីរគឺ លោកដូណាល់ ត្រាំ និងលោកស្រីគ្លីនតុន។
តែអ្វីដែលគួរឲ្យបារម្ភ និងគ្រោះថ្នាក់ ពេលនេះគឺព័ត៌មានសម្ងាត់មួយចំនួនទាក់ទងនឹងលោក ដូណាល់ ត្រាំ ដែលរុស្ស៊ីរក្សា ទុកដើម្បីប្រើសម្រាប់ដាក់ឥទ្ធិពលលើលោក ត្រាំ ក្នុងគោលដៅទាញប្រយោជន៍សម្រាប់ប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ ម៉ែវ សាធី