ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ និង ដើមបណ្ដឹង ស្នើដូចគ្នា ឲ្យសាលាឧទ្ធរណ៍សម្រេចផ្តន្ទាទោសលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដដែល ពាក់ព័ន្ធករណីចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ រហូតមកទល់ពេលនេះ Likes page ហ្វេសប៊ុក សម្តេចតេជោ កើនដល់ជាង៦លាន៦សែន Likes ហើយ ។
សាលាឧទ្ធរណ៍បានចំណាយពេលពេញមួយរសៀលថ្ងៃទី១៧ ខែមករា ដើម្បីជំនុំជម្រះសំណុំរឿងលោកសម រង្ស៊ី ។
ក្រោយបញ្ចប់សវនាការ លោកចៅក្រម សំរិទ្ធ សុផល ប្រកាសថា សាលដីកាសំណុំរឿងនេះ នឹងត្រូវសម្រេចនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ ។
នាពេលសវនាការ ទាំងលោក ង៉ែត សារ៉ាត ជាតំណាងមហាអយ្យការ និង លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាដើមបណ្ដឹង ស្នើសាលាឧទ្ធរណ៍តម្កល់សាលក្រមផ្តន្ទាទោសលោក សម រង្ស៊ី ទុកជាបានការដដែល ។
រីឯលោកសំ សុគង់ ជាមេធាវីការពារក្ដីលោក សម រង្ស៊ី សន្និដ្ឋានថា លោក សម រង្ស៊ី ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដោយស្នើឲ្យសាលាឧទ្ធរណ៍ទម្លាក់ការចោទប្រកាន់ចោលវិញ ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោសពិន័យជាប្រាក់ចំពោះលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចំនួន១០លានរៀលនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១៥លានរៀល រឿងចោទថា Facebook likes សម្តេចតេជោ ដែលកើនយ៉ាងសន្ធឹកសន្ធាប់ បានមកពីការទិញ ឬ ក្លែងបន្លំ ។ តុលាការក៏បានបង្គាប់ឲ្យផ្សព្វផ្សាយសេចក្ដីសម្រេចនេះជាសាធារណៈតាមប្រព័ន្ធទូរគមនាគមន៍ចំនួន៣ថ្ងៃផងដែរ ។
លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ”បរិហារកេរ្តិ៍ជាសាធារណៈ”តាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ។ លោក សម រង្ស៊ី មិនមែនមានតែសំណុំរឿងនេះមួយទេ ពោលគឺ តុលាការកំពុងដំណើរការក្តីជាច្រើនទៀត ដែលបានចោទប្រកាន់លោកសម រង្ស៊ី ពីបទល្មើសព្រហ្មទណ្ឌ ហើយសុទ្ធសឹងជាបទល្មើសឧក្រិដ្ឋ ៕ ដោយ ៖ ចេស្តា